មន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល អូស្ត្រាលីបាននិយាយថា ក្រុមបង្កភេរវកម្ម ដែលរដ្ឋាភិបាលចេញ ប្រតិបត្តិការបោសសំអាត ទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ដោយមានការចូលរួម ពីប៉ូលិសចំនួន ៨០០នាក់នោះ ក្រុមទាំងនោះ នឹងអនុវត្តន៍ការវាយប្រហារ ភេរវកម្មនៅក្នុងប្រទេស អូស្ត្រាលី ក្នុងរយៈពេល ប៉ុន្មាន ថ្ងៃនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ចច ប្រេនឌីស អគ្គព្រះរាជអាជ្ញាថា ភ្នាក់ងារចារកម្ម ជឿជាក់ថា មានការវាយប្រហារ ដែលច្បាស់ លាស់ និងត្រឹមត្រូវ ដែលនឹងត្រូវបានការពារ ដោយកងកម្លាំងប៉ូលិស និងសន្តិសុខ ដែលពោរពេញ ទៅដោយ វិជ្ជាជីវៈ។ ទន្ទឹមនឹងគ្នានោះដែរ លោក តូនី អាប់ប៊ុត នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃសុក្រ នេះ ដោយលោកបានកោតសរសើរ ដល់កងកម្លាំងសន្តិសុខ សម្រាប់ការកំណត់ និងដោះស្រាយបញ្ហា ដើម្បី ជម្ជៀស ពីគ្រោះមហន្តរាយ។
ជាមួយគ្នានោះដែរ លោកបានប្រាប់ទៅពលរដ្ឋអូស្ត្រាលី ដោយសម្តែងការជឿជាក់ថា បុគ្គលឈ្មោះ ម៉ូហាម៉េដ បាយ៉ាលឡេ ដែលជាមន្ត្រីជាន់ខ្ពស់ នៃឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេស ស៊ីរី បានចេញបញ្ជាយ៉ាងមុតមាំ ទៅកូន ក្រុមរបស់ខ្លួននៅក្នុងប្រទេស អូស្ត្រាលី ឲ្យអនុវត្តផែនការណ៍ នៃការបង្ហាញចំពោះអំពើឃាតកម្ម ៕ដោយផន សុខជាតិ