ថ្នាក់ដឹកនាំ​​ខេត្តកំពង់ចាម​ គោរពវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរះក្សត្រ ព្រះបរមរតនកោដ្ឋ

កំពង់ចាម:​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ ដែលបានធ្វេីឡេីងនៅសាលា​ខេត្តកំពង់ចាម​ ។

ក្នុងសុន្ទរកថា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមសម្ដែងនូវទឹកមុខស្រពាប់ស្រពោន ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ដើម្បី ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់វីរៈមហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុឯករាជ្យបូរណភាពទឹកដី បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ដូច្នេះ ដើម្បី ការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ទូលព្រះបង្គំព្រះករុណាខ្ញុំ រួមជាមួយ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្ត សូមលើកហាត់ប្រណមកំបង់អញ្ជលី ថ្វាយមហាព្រះរាជកុសល ចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាង ទៅកាន់ឋានបរមសុខ សួរគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានរំលឹកឡើង អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បី ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៨៤៧ រៀងមក ជាពិសេស ការរំលឹកអំពីសមិទ្ធផលធំៗ កើតមាននៅតាមបណ្ដាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើង ក្នុងសម័យព្រះអង្គ គ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ នាសម័យសង្គមរាស្ត្រនិយម ខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ ។
សូមបញ្ជាក់ដែរថា ពិធីខាងលើនេះ បាននិមន្ត ព្រះសីលសំវ ប៊ត តាំងចេង ព្រះមេគណខេត្តកំពង់ចាម និងព្រះអនុគណ នៅក្នុងខេត្ត ចំនួន ៩អង្គ ដើម្បី សូត្រស្វាធ្យាយជ័យន្តោ និងសូត្រពុទ្ធជ័យមង្គល ដើម្បី ឧទ្ទិសថ្វាយទៅឌួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមឲ្យព្រះអង្គយាង ទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ៕