ឯកឧត្តម ញ៉ែម ប៊ុនថា លោកជំទាវ អ៉ឹង វឌ្ឍនី និងឯកឧត្តម ឌិន ស៊ីវុទ្ឋី និងលោកជំទាវ ហូវ ដាណេ បានផ្តួចផ្តើមធ្វើបុណអង្គកឋិនទាន ដង្ហែចូលវត្តឌួងសូរិយា(ហៅវត្តក្តីដូង)

(កំពង់ធំ)÷ រសៀលថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឌិន ស៊ីវុទ្ឋី និងលោកជំទាវ ហូវ ដាណេ និងពុទ្ធបវិស័ទ្ឋ ញាតិមិត្តជិតឆ្ងាយបានប្រារព្វ
ធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនាដោយ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង) ស្ថិតនៅ ភូមិក្តីដូង ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ។

លុះព្រឹកឡើងថ្ងៃសៅរ៍០៥រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី១៥ ខែឆ្នាំដដែល រៀបចំយាគូប្រគេនដល់ព្រះសង្ឃ ជួបជុំអង្គកឋិនទាននានា ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយកម្មវិធីបុណ្យ។

ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង) និងជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ មានសង្ឃដីកា ក្រោយពីព្រះសង្ឃចូលកាន់ព្រះវស្សា អស់ត្រីមាស ទើបបង្កើតជាអង្គកឋិននេះឡើង រយ:ពេល១ខែពេញ សម្រាប់ពុទ្ធបរិស័ទ្ឋទាំងឡាយ កាន់អង្គកឋិនទាននេះ ដើម្បីដង្ហែយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ព្រមទាំងបានចូលជាធនធានថវិកាតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្ត ឱ្យមានភាពរីកចំរើនបន្ថែមទៀត។

ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ បានថ្លែងអរគុណ និងប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាអង្គកុសលផលបុណ្យ និងវត្ថុសាកសិទ្ធក្នុងលោក តាមជួយថែរក្សា ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការជារៀងរហូត។ សូមអំពាវនាវដល់បងប្អូនសប្បុរសជនក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជួយឧបត្ថម្ភជាថវិកា ដើម្បីយកមកកសាងនៅដំបូលឧបដ្ឋានសាលាឲ្យបានរួចឆាប់ខាងមុខនេះ ងាយស្រួលដល់ពុទ្ធបរិស័ទមកសម្មាទានសីលផងដែរ។។

សូមបញ្ជាក់ថា អង្គកឋិនទានចំនួន០៧កឋិន ដែលបានដង្ហែចូលវត្តឌួងសូរិយា(ហៅវត្តក្តីដូង)ដែលអញ្ជើញមកពីខេត្តស្វាយរៀង រាជធានីភ្នំពេញ ភូមិកំពង់ថ្ម និងអង្គកឋិនទានសាមគ្គីក្នុងខេត្តកំពង់ធំ។