ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២នេះ បាននាំយកស្រូវពូជ
ចំនួន២១,៦៥០គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបានចំនួន ២៨៤គ្រួសារ ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងឃុំព្រះធាតុ និងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ក្នុងឳកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។ ដោយឡែកកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខាងតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ-ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការខូចខាតដោយគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងស្រុកអូររាំងឪនេះ មានចំនួន២ឃុំ ស្មើ១៧ភូមិ មានគ្រួសារ រងផលប៉ះពាល់ ហើយមានអាទិភាពអាចស្ដារឡើងវិញបាន មានចំនួន២៨៤គ្រួសារ តម្រូវការពូជស្រួវចំនួន២១,៦៥០គីឡូក្រាម ក្នុងនោះឃុំព្រះធាតុមានចំនួន ៩ភូមិ ស្មើនឹង១៣០ហិកតា មានតម្រូវការស្រូវពូជ ១៥,៨០០ គីឡូក្រាម និងសម្រាប់ឃុំមៀន មានចំនួន៨ភូមិ ស្មើនឹងចំនួន៧០ហិកតា មានតម្រូវការស្រូវពូជ ៥,៨៥០ គីឡូក្រាមផងដែរ ៕





































