លោក អ៊ុន ចាន់ដា នាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្តិត​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះ និងខ្វះខាតជីវភាពជិត៦០គ្រួសារ នៅស្រុកបាធាយ

0

កំពង់ចាម​:​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៥៨គ្រួសារ មកពីឃុំចំនួន៣ ( ឃុំទំនប់ ឃុំសណ្តែក និងឃុំត្រប់ ) ក្នុងនោះ រួមមាន ចាស់ជរា ១៤គ្រួសារ- ជនមានពិការភាព ៣គ្រួសារ-  ស្ត្រីមេម៉ាយក្រីក្រ ២១គ្រួសារ- មានជំងឺប្រចាំកាយ ៨គ្រួសារ- ទ័លលំបាក ៩គ្រួសារ- មានសតិមិនគ្រប់ ១គ្រួសារ និងកុមារកំព្រា ២គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា  បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះគឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឲ្យឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

​លោក អ៊ុន​ ចាន់ដា​ បានក្រើនរំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន ដូស ទី៣ ទី៤ និងដូសជំរុញ អោយបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៨ គ្រួសារ , ក្នុង ១គ្រួសារទទួលបាន ៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥ម៉ឺន​រៀល ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសំវរសីល សណ្តែក នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួនផងដែរ ៕