ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការ ស្ថាប័នស៊ីវិល និងអង្គភាពកងកម្លាំងទាំង៣ ចុះសាកសួរសុខទុក្ខកងទ័ព នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញភារកិច្ចការពារទឹកដី នៅក្នុងភូមិសាស្ត្រភ្នំត្រងោល តំបន់ព្រំដែនកម្ពុជា-ថៃ នៃដែនដីរដ្ឋបាលខេត្តព្រះវិហារ ។
ដំណើរចុះសួរសុខទុក្ខកងទ័ព ប្រចាំទិសទី១ ប្រាសាទព្រះវិហាររបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងកាលពីថ្ងៃទី១៥តុលា ចុងសប្តាហ៍មុននេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ នៃទិសទី១ ប្រាសាទព្រះវិហារ ។
ជាមួយនឹងការចុះសួរសុខទុក្ខកងទ័ព ដែលស្ថិតនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ រដ្ឋបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា ៧ពាន់ ៥០០ដុល្លាអាមេរិក ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ សម្រាប់ទិញប្រេង ជួសជុលទំនប់ទឹកអន្លង់ក្រពើ ដែលរងការបាក់ដាច់កន្លងមក ដោយសារជំនន់ទឹកភ្លៀង និងបានឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ច ជួសជុលទំនប់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល ផងដែរ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលបាន និងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទាំងកិច្ចការងារព្រំដែន និងការងារអភិវឌ្ឍន៍មូលដ្ឋាន សេចកិច្ច ការជម្រុញគ្រួសារកងទ័ព ឲ្យចេះច្នៃប្រឌិតបង្កើតបាននូវមុខរបរប្រចាំគ្រួសារ និងអង្គភាព តាមរយៈការធ្វើកសិកម្ម ដើម្បីជំរុញការលើកកម្ពស់គ្រួសារ ឲ្យមានជីវភាពធូរធាថែមមួយកម្រិតទៀត។
លោកអភិបាលខេត្តព្រះវិហារ បានបន្តកោតសរសើរ អំពីការយកចិត្តទុកដាក់អភិវឌ្ឍន៍អង្គភាព ក៏ដូចជាបាន និងកំពុងខិតខំកសាង នូវសមិន្ធផលបន្ថែម ដើម្បីប្រយោជន៍ជាតិមាតុភូមិ ស្របពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពលេញពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ផ្តាំផ្ញើរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជូនជាតិ មាតុភូមិ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ និងនៅពេលគេងត្រូវចងមុង ដើម្បីកុំឲ្យមូសខាំ ការពារជម្ងឺគ្រុនចាញ់ ក៏ដូច ជំងឺដង្កាត់ផ្សេងៗទៀត ឲ្យបានគ្រប់ពេលវេលា ៕អត្ថបទ៖ឡុង សំបូរ