មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូកនិងម៉ាស៊ីន ១៦គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់​ទូក និងម៉ាស៊ីនទូក ១៦គ្រឿង ជូនដល់​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ការអនុវត្ត​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ​តាម​បទ​បញ្ជា​ ជាពិសេស​ នៅក្នុង​សកម្មភាព​មនុស្សធម៌ ​បម្រើ​ប្រជាជន ដែល​​កំពុង​រងផលប៉ះពាល់ ​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀង និងឧបទ្ទវហេតុផ្សេងៗទៀត​ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ការប្រគល់ទូក និងម៉ាស៊ីនទាំង ១៦គ្រឿងនោះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ធ្វើការបែងចែកទៅឲ្យ ៨អង្គភាពចំណុះសឹករងខេត្ត រួមមាន៖ ផ្នែកសឹករងក្រុងស្ទឹងត្រែង ផ្នែកសឹករងសេសាន ផ្នែកសឹករងថាឡាបរិវ៉ាត់ ផ្នែកសឹករងសៀមបូក ផ្នែកសឹករងសៀមប៉ាង ផ្នែកសឹករងបុរីអូរស្វាយសែនជ័យ និង ២វរៈសេនាតូច គឺវរៈសេនាតូចលេខ១ និងវរៈសេនាតូចលេខ២ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងមេបញ្ជាការ​កង​ទ័ព​ជើង​គោក ។

ថ្នាក់ដឹកនាំ នៃអង្គភាពតំបន់ប្រតិបត្តិការ​សឹករងស្ទឹងត្រែង​ តំណាង លោកឧត្ដម​សេនីយ៍​ទោ​ ស្វាយ ញ៉ន បានសម្តែង នូវការ​គោរព​ថ្លែង ​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជាទី​បំផុត ​ចំពោះ​លោកឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់ ​គិតគូរ​ខ្ពស់ ​ដល់​ភាពសុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​មួយ​ចំនួន​ នៅ​ខេត្តស្ទឹងត្រែង ​កំពុង​ទទួល​រង​ផលប៉ះពាល់​ ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​ និងឧបទ្ទវហេតុគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

តំណាង លោកឧត្ដម​សេនីយ៍​ទោ​ ស្វាយ ញ៉ន បានថ្លែងថា ក្នុង​នាមមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងស្ទឹងត្រែង​ នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន​ ទាំងអស់​ សូមគោរពជូនពរ​ លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក​ និងលោកជំទាវ​ សូមមានសុខភាពល្អបរិបូរណ៍​ កម្លាំង​មាំមួន​ និងពរទាំង​ ៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ ពលៈ​ កកុំបីឃ្លៀងឃ្លាតឡើយ ៕អត្ថបទ៖ឡុង សំបូរ