(ប៉ៃលិន) ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលចំណុចព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបាត់ដំបង ស្ថិតនៅចំណុចស្ពានអូរដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីកំណត់ ដោះស្រាយបញ្ចប់នូវបញ្ហាព្រំប្រទល់ ជាយូឆ្នាំមកហើយ ។
ក្នុងការចុះពិនិត្យនេះ អភិបាលខេត្តទាំងពីរ ឯកឧត្តម សុខ លូ និងលោកជំទាវ បាន ស្រីមុំ បានឯកភាពគ្នា ដោយយកស្ទឹង និងអូរ ជាព្រំក្នុងដែនរដ្ឋបាលទាំងពីរ ហើយដោយអោយមន្រ្តីជំនាញទាំងពីរ ជួបធ្វើការងារនេះនៅខេត្តបាត់ដំបង ដោយមានមេភូមិ មេឃុំ ចៅសង្កាត់ អភិបាលស្រុកក្រុង ខេត្ត ចុះហត្ថលេខាមុនបញ្ជូនទៅសម្តេចក្រឡាហោ ស ខេង ។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តប៉ៃលិនផងនោះ អភិបាលខេត្តទាំងពីរ បានជួបសំណោះសំណាល សួរសុខទុកប្រជាពលរដ្ឋ ប្រមាណជាមួយរយនាក់ ដែលបានចូលរួម ។
ពលរដ្ឋដែលមករស់នៅ ចំណុចភ្នំដំបង ដែលអាជ្ញាធរខេត្តប៉ៃលិន ធ្វើបែបបទ ឯកសារ ទទួលស្គាល់ពួកគាត់ បានសម្តែងការសប្បាយចិត្ត ដែលពួកគាត់មានរដ្ឋបាលដែនដីច្បាស់លាស់ និងបានអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះក្តីកង្វល់របស់ពួកគាត់ ជាយូណាស់មកហើយ ។ ជាមួយគ្នាក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ ដែលបានខិតខំដោះស្រាយនូវទុក្ខលំបាក របស់ពលរដ្ឋខ្លួន សូមទេវតាឆ្នាំថ្មី តាមថែរក្សា សម្តេច និងឯកឧត្តមលោកជំទាវ ជួបតែសេចក្តីសុខ និងអាយុវែង ហើយពួកគាត់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានសម្តេច គឺ មានសន្តិភាព និងការអភិវឌ្ឍ ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន