កំពង់ចាម: ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ចំនួនចំនួន ១០៧,៦០៦គីឡូក្រាម ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ចំនួន៦ឃុំ ស្មើនឹង១,៤៤៦គ្រួសារ ដេីម្បីធ្វេីការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គកាលពីពេលកន្លងទៅចំនួន ៧៦១ហិកតា ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ។ ដោយនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារ និងមានរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅ ធ្វើការដាំដុះឲ្យបានទាន់ពេលវេលា ដេីម្បីស្ការជីវភាពគ្រួសារឡេីងវិញផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានសម្រេចផ្ដល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១,៤៤៦ គ្រួសារ ស្មើនឹងស្រូវពូជ ចំនួន ១០៧,៦០៦គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលកន្លងមក ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ យកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅផងដែរ ៕







































