អភិបាលខេត្តត្បូងឃ្មុំ នាំយកស្រូវពូជ រាជរដ្ឋាភិបាល​ជាង១ម៉ឺនគីឡូក្រាម​ ផ្ដល់ជូនកសិករ ដែលរងការខូចខាតដោយទឹកជំនន់ ក្នុងស្រុកតំបែរ

ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២នេះ​ បាននាំយកស្រូវពូជចំនួន​ ១០,៧០០គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ចំនួន ១០៧គ្រួសារ ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងឃុំត្រពាំងព្រីង និងឃុំសេដា ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុង​ឱកាស​នោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល បើសិនមានចម្ងល់បន្ថែមជាមួយបញ្ហាពូជស្រូវទាំងនេះ បងប្អូនប្រជាកសិករ អាចសួរបានតាមរយៈមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម ដែលតែងតែនៅក្បែរបងប្អូន ក្នុងការស្ដារស្រែស្រូវឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខាងតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ​ ៕