កំពង់ឆ្នាំង៖មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៣ក្នុងឃុំរលារប្អៀរ ថាមានចោរចូលធ្វើសកម្មភាពក្នុងភូមិ ព្រោះគេឃើញភិនភាគចោរនោះ ក្បាលត្រងោល មានស្ពាយថង់យាម និងមានលីកាំបិតកកុកមួយផង ដើរក្បែរផ្ទះអ្នកស្រុកក្នុងពេលយប់។បន្ទាប់មកដំណឹងនេះបានឭពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិទៀត បានធ្វើអោយរំខាន ដល់សមត្ថកិច្ចពេញមួយយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មិនបានដេកពួន ដោយនាំគ្នារុករកគ្រប់ច្រកល្ហក ដោយកម្លាំងសមត្ថកិច្ចខ្លះបណ្តាក់ចាំឃ្លាំមើលក្រែងប្រទះ ឃើញចោរក្បាលត្រងោលនោះធ្វើសកម្មភាព។
លុះព្រឹកឡើងនៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ទើបសមត្ថកិច្ច នគរបាលសង្កាត់កំពង់ឆ្នាំង ឃាត់ខ្លួនជននោះបាននៅត្រង់ចំនុចទល់មុខអាហារដ្ឋាន មួយ កន្លែង ឈ្មោះ សុខសាន្ត ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក នោះត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិនគរបាលរដ្ឋបាលកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ នៅចំពោះមុខសមត្ថកិច្ចជនដែលត្រូវបានប្រជាពលរដ្ឋច្រឡំថាជាចោររូបនេះបាននិយា យប្រាប់សមត្ថកិច្ចអោយដឹងថា៖រួបគេឈ្មោះ សំ សុសារ៉េត អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។
រូបគេត្រូវបានជីដូនយកទៅបំបួស នៅវត្តអាស្រម ត្រពាំងក្រវ៉ាន់ ស្ថិតក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលារប្អៀរ។ក្រោយមកគង់នៅទីអាស្រមនោះបានជាង៣ខែក៏ចេញពីទីនោះ ទៅសុំព្រះចៅអធិការវត្តមួយឈ្មោះ វត្តគ្រួស គង់នៅដើម្បីបួសរៀនជាបន្ត លុះគង់នៅរៀនសូត្រក្នុងវត្តបាន៣ខែ ពុទ្ធបរិស័ទចំណុះជើងវត្តមានការអាណិតស្រលាញ់ ក៏តែងតាំងរូបគេអោយធ្វើជាគ្រូសូត្រស្តាំនៅក្នុងវត្តនេះដើម្បីមើលការខុសត្រូវសាមណេជាច្រើនអង្គដែលគង់នៅក្នុងវត្តនោះផងដែរ ។ រយះពេលគង់នៅក្នុងវត្តនេះរូបគេក៏ត្រូវបានលោកគ្រូព្រះចៅអធិការវត្តសសើរនិងស្រលាញ់ ទោះ ជារូបគេសុំលាចាកសិក្ខាបទ ក៏លោកគ្រូព្រះចៅអធិការមិនអនុញ្ញាតិអោយដែរ ដោយលោកគ្រូតែងតែណែនាំអប់រំខាងផ្លូវធម៏ល្អៗ អោយរូបគេបួសរៀនជាបន្តទៀតដើម្បីជាប្រយោជន៏ ។
លោកអន្ទិតខាងលើបានបន្តថា៖ នៅយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤វេលាម៉ោងប្រមា ណជា៤រសៀល រូបគេមានចិត្តខឹងអន់ចិត្តចំពោះលោកគ្រូព្រះអធិការដែលមិនបានចាត់ រូបគេដែលជាសង្ឈដែរនោះ អោយទៅសូត្រមន្តនៅក្នុងកម្មវិធីបុណ្យផ្សេងៗ ទើបរូបគេបានសំរេច ចិត្តដោះស្បង់ជីវរទុកចោល ហើយស្លៀកពាក់ខោរអាវ និងប្រមូលរបស់របរដាក់ក្នុងថង់យាម ហើយទាញយកកាំបិតកកុកលីចុះចេញពីកុដ នៅវេលាម៉ោងប្រមាណជាជិត៧យប់ថ្ងៃដដែល ដើរកាត់ភូមិអ្នកស្រុកទាំងយប់បំណងមកសុំផ្ទះមីងដែលរស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំ ក្រុងកំពង់ឆ្នាំង ដើម្បីស្នាក់នៅបណ្តោះអាសន្ន លុះដើរមកដល់វាលស្រែក្រោយផ្សារព្រៃខ្មែរយប់ជ្រៅពេកក៏ដេកលើភ្លឺស្រែនៅទីនោះទៅ។ពេលភ្ញាក់ឡើងវេលាម៉ោង០៥ជិតភ្លឺក៏ដើបន្តមកទៀត ពេលដើរមកដល់មុខអាហារដ្ឋានមួយកន្លែង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លោក ជា វណ្ណះ នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់កំពង់ឆ្នាំងបានអោយដឹងថា៖នៅវេលាម៉ោង៨និង៣០នាទីព្រឹកលោកបានទទួលពាក្យបណ្តឹងពីតៃកុងឡានដឹកកម្មកររោងចក្រថា ឃើញយុវជនម្នាក់លីកំបិតឈរនៅមុខអាហាដ្ឋាន យុវជននោះហើយដែលត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនពេញ១យប់តែរកមិនឃើញ ដោយគេសង្ស័យថាជាចោរ ក្រោយពីបានទទួលពាក្យបណ្តឹងនេះភ្លាមលោកក៏បានចាត់កម្លាំងអោយទៅនាំខ្លួនយុវជនរូបនោះមកធ្វើការសាក សួរភ្លាមៗផងដែរ។ក្រោយពីបានធ្វើការរសាកសួររួច លោកក៏បានឆែកឆេឥវ៉ាន់មើលឃើញមានប្រាក់រៀលចំនួន៩០ម៉ឹនរៀល កុំព្យូទ័រ១គ្រឿង ជារបស់ផ្ទាល់ខ្លួនរបស់គេ និងកាំបិតកកុកមួយ ។ បន្ទាប់មកលោកបានប្រគល់ះន្ទិតនេះ អោយទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរ ដើម្បីហៅក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ។
លោក យឹម សុផល នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា៖អន្ទិតនេះ លោកយកមកអប់រំបន្តិចសិន បន្ទាប់មកលោកនិងហៅជីដូនរបស់គេអោយមកទទួលយកទៅផ្ទះវិញក្នុងថ្ងៃនេះ ព្រោះក្រោយពីធ្វើការស្រាវជ្រាវនៅគ្រប់ទីកន្លែងរួចមក ពុំឃើញមានបាត់បង់អ្វីពីវត្តឬតាមភូមិឡើយ គឺគ្រាន់តែខុសខាងធម៏វិន័យរបស់ព្រះសង្ឃ នៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ដូចច្នេះករណីនេះទុកអោយខាងធម្មការជាអ្នកចាត់ការបន្តចុះ៕