កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញដល់ ក្រុម ការងារ បច្ចេកទេស ឲ្យ ពន្លឿន ការ សាងសង់ វិមានឯករាជ្យ ធ្វើ យ៉ាងណាត្រូវ ឲ្យបាន រួចរាល់ ត្រឹម រយៈពេល ១៥ថ្ងៃ ទៀត និង ទុក រយៈពេល ពេល ៥ថ្ងៃ ឲ្យធ្វើ ការ សម្អាត ដេីម្បី រៀបចំ ប្រារព្ធ ខួបលើក ទី៦៩ នៃ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០២២ និង រៀបចំ ពិធី សម្ពោធ នាថ្ងៃ នោះតែម្ដង ការ ណែនាំ បែប នេះ ក្នុង ឱកាស ចុះ ពិនិត្យ វឌ្ឍនភាព នៃការ សាងសង់ វិមានឯករាជ្យ នៅក្រុង កំពង់ចាម នាព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការកសាងវិមានឯករាជ្យ នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរំលេចនូវ ស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅនៅជំនាន់ក្រោយៗ ។ ទន្ទឹមគ្នានោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកទស្សនា កំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជាការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ខាងមុខផងដែរ ។ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ផ្អែកតាមផែនការសាងសង់ គម្រោងនេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ ដែលគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីដាក់សម្ពោធនូវសមិទ្ធផលនេះផងដែរ ។គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូលទៅសាលាគរុកោសល្យ ខេត្តកំពង់ចាម ជាមួយគ្នានោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យនេះ រួមទាំងការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតទៅដល់ចំណុចទន្លេអុំ និង បំពាក់ អំពូល ភ្លើង បំភ្លឺ ផ្លូវ ជុំវិញ ផងដែរ៕