សម្តេចតេជោ ហ៊ុន សែន ចែកអំណោយជាស្បៀង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៦៥៤គ្រួសារ នៅស្រុកស្ទោង

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង និងសហការី បានអញ្ជើញបន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៦៥៤គ្រួសារ ដែលបានជួបការលំបាក ដោយទឹកជន់នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាលស្រុក បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែនឹករលឹកនិងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមានទុកបងប្អូនប្រជាពលរដ្ឋអត់ស្បៀងនោះឡើយ។

លើសពីនេះ លោកក៏បានណែនាំដល់អាជ្ញាធរឃុំម្សាក្រង ត្រូវផ្សព្វផ្សាយជូនដំណឹងឲ្យបានទូលំទូលាយ ស្តីពីការគ្រប់គ្រងប្រើប្រាស់ផ្លូវ ស្ទឹង ព្រែក និងចំណីផ្លូវនានាក្នុងឃុំឲ្យប្រជាពលរដ្ឋបានជ្រាប និងឲ្យប្រជាពលរដ្ឋក្នុងឃុំត្រូវសុំការអនុញ្ញាតជាមុនមកអាជ្ញាធរពាក់ព័ន្ធ មុននឹងសាងសង់សំណង់រឹងផ្សេងៗ ឬចាក់ដីនៅតាមភូមិឋានរបស់ខ្លួនដើម្បីឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថានស្អាត និងស្ថិតនៅក្រោមគោលការណ៍ច្បាប់នានា ហើយមិនត្រូវនាំគ្នារំលោភយកដីរដ្ឋ ដីចំណីផ្លូវ ស្ទឹង ព្រែក ប្រឡាយ ឬប្រព័ន្ធលូរនានា ដែលជាដើមហេតុនាំឲ្យកកស្ទះទឹក ជនលិចភូមិស្រុកផងដែរ។

ជាមួយនេះផងដែរ លោកសាយ គឹមឡម បានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិ ឃុំស្ថិតនៅផ្ទាល់នោះឡើយ។

លោក អភិបាលស្រុក បានណែនាំគ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។

គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន៦៥៤គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ ទឹកបរិសុទ្ធ០១កេសផងដែរ៕