ផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតនៅផ្នែកខ្លះនៃស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកាត់មកឱ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ

0

(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យអ្នកយកព័ត៌មានដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលា នេះថា៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃនេះ រដ្ឋបាលនៃខេត្តទាំងពីរ បានឯកភាពគ្នា កាត់ផ្ទៃដីជាង១ម៉ឺនហិកតា មកឲ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ ។ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួល ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា ។ទី២. ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា និងទី៣. ស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតាផងដែរ។


ក្នុងឪកាសនោះដែរឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធីនៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរីក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ ។ ឯកឧត្តម បានធ្វើការណែនាំដល់រដ្ឋបាលខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវការងារនេះឱ្យបានល្អ និងបានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងអាជ្ញាធរ ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅទីនោះផងដែរ ។

ជាមួយគ្នានេះដែរឯកឧត្តម សក់ សេដ្ឋា ព្រមទាំងប្រតិភូរដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក៏បានអញ្ជើញចុះទៅពិនិត្យមើលនៅចំណុចទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តទាំង២ ផ្ទាល់ផងដែរដោយបានណែនាំបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អតាមស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈពេលអន្តរកាលនេះ មានការចូលទន្រ្ទាន កាប់បំផ្លាញព្រៃឈើ ហើយចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេររវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់ផងដែរ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន