ខេត្តរតនគិរី៖ការសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា រវាងអាជ្ញាធរខេត្តរតនគិរី កម្ពុជា និងអាជ្ញាធរខេត្តយ៉ាឡាយ នៃកងទ័ពប្រជាជនវៀតណាម ក្នុងការរុករក ជីក គាស់ លើក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនេះ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំ រវាងគណៈកម្មការរុករកអដ្ឋិធាតុខត្តរតនគិរី កម្ពុជា និងគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការ បន្តផែនការរុករក គាស់ លើក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំង ឆ្នាំ២០២២-២០២៣ ខាងមុខនេះ ។
កិច្ចប្រជុំ រវាងគណៈកម្មការរុករកអដ្ឋិធាតុខត្តរតនគិរី កម្ពុជា និងគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ វៀតណាម បានធ្វើឡើងក្រោមវត្តមាន លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការខេត្តយ៉ាឡាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តរតនគិរី ។
នៅក្នុងកិច្ចប្រជុំនេះផងទៀត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី លោក ស៊ូ សិរី និង លោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការខេត្តយ៉ាឡាយ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត និងបានចុះហត្ថលេខា លើកំណត់ហេតុរួម ដើម្បីឈានទៅបន្តសហប្រតិបត្តិការគ្នា ឲ្យបានកាន់តែប្រសើរ ថែមទៀត។
នៅក្នុងកំណត់ហេតុ នៃការចុះហត្ថលេខានោះ បានបញ្ជាក់ថា នៅក្នុងកំឡុងពេលដែលក្រុម K52 អនុវត្តន៍សកម្មភាព ក្នុងករណីមានការរាំងស្ទះកើតមានឡើង គណៈកម្មការទាំងពីរ(កម្ពុជា-វៀតណាម) ត្រូវកំណត់ពេលវេលាជួបគ្នា ដើម្បីប្រជុំពិភាក្សា ពិគ្រោះយោបល់ រកនីតិវិធីដោះស្រាយ ,គណៈកម្មការជំនាញខេត្តរតនគិរី ជួយសម្របសម្រួលឲ្យក្រុមការងារជំនាញពី ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានឆ្លងកាត់ភូមិសាស្ត្រខេត្តរតនគិរី ,គណៈកម្មការជំនាញខេត្តរតនគិរី ជួយជូនដំណឹងផ្សព្វផ្សាយដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងប្រជាជននៅគ្រប់មូលដ្ឋាន ឲ្យបន្តចូលរួមសហការផ្ដល់ព័ត៌មាន ដែលបានដឹង និងឃើញទីកន្លែងបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ,គណៈកម្មការជំនាញខេត្តរតនគិរី មានភារកិច្ចចាត់ចែងកម្លាំងការពារ ធានាសុវត្ថិភាព ដល់ក្រុម K52 សមស្របតាមចំនួនកំណត់ (យោធា ,នគរបាល និងកងរាជអាវុធហត្ថ) ,គណៈកម្មការជំនាញខេត្តយ៉ាឡាយ នឹងផ្តល់ថវិកាចំនួន ៦ពាន់ ៥០០ដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ជួយដល់គណៈកម្មការជំនាញខេត្តរតនគិរី សម្រាប់បម្រើឲ្យកិច្ចការងាររុករក ជីក គាស់ លើក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ,ក្រុម K52 ត្រូវអនុវត្តន៍ជាប្រចាំ នូវវិធានការទប់ស្កាត់ ការពារការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ជាពិសេស អនុវត្តន៍តាមវិធានការសុខាភិបាល វិធានការរដ្ឋបាលខេត្តរតនគិរី និងអនុវត្តន៍តាមគោលការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ឡុង សំបូរ