ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលជាតួអង្គស្មាមួយ អម្រែកពីរ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត បន្ទាប់ពីត្រូវគូស្នេហ៍ហេងស៊យចាក់នឹងកន្ត្រៃ រួចចាក់ស្រោចអាល់កុលពីលើ និងដុតបន្ថែមទៀតរហូតដល់ស្លាប់នៅក្នុងបន្ទប់ ។
ហេតុការណ៍នៃអំពើឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ តុលា ឆ្នាំ២០២២ ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ (នៅក្នុងផ្ទះប្រពន្ធទី២) ក្រោយផ្ទុះជម្លោះដ៏ក្ដៅរោលរាលដែលផ្ដើមចេញពីខាងតួប្រុសមិនគោរពសន្យា ។
បើតាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អាន់ វុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានប្រពន្ធដើមនៅភូមិភ្នំសំពៅជើង ឃុំភ្នំសំពៅ ប៉ុន្តែមួយរយៈកន្លងទៅនេះប្រពន្ធដើមទៅធ្វើការនៅឯប្រទេសថៃ ដោយទើបនិងត្រឡប់មកវិញ ប៉ុន្តែឆ្លៀតពេលដែលប្រពន្ធមិននៅ បុរសរូបនេះក៏បានទៅទាក់ទងជាមួយស្ត្រីមេម៉ាយម្នាក់ឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធចុង) មានមុខរបរលក់នំបញ្ចុក រស់នៅកន្លែងកើតហេតុ ។
ប្រភពដដែលបានបន្តថា ក្រោយពីបានបែកធ្លាយអាថ៌កំបាំង ទើបភាគគីផិតក្បត់បានសន្យាថា បញ្ឈប់ការពាក់ព័ន្ធ ដោយព្រមជួយទៅភាគីទី៣ មួយខែ១០មុឺនរៀល ដើម្បីជួយបង់អង្គការ ផ្ទុយទៅវិញនៅយប់កើតហេតុ បុរសរូបនេះបានទៅដល់ផ្ទះស្ត្រីទី៣ ហើយក៏មានការឈ្លោះប្រកែកគ្នាទំនងជាខាងប្រុសមិនព្រមជួយលុយ១០មុឺននោះវិញ ក៏មានករណីនេះកើតឡើងតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យ ទៅលើសពជនរងគ្រោះគឺសង្គេតឃើញថា ជនរងគ្រោះត្រូវរបួសត្រង់ពោះមួយកន្លែង និងក្តោងច្រមុះមួយកន្លែង ដោយស្នាមចុងកន្ត្រៃ និងស្នាមរលាកលើខ្លួន និងលើផ្ទៃមុខដោយសារភ្លើងឆេះ ដែលជនសង្ស័យបានចាក់ស្រោចអាល់កុលដុតបន្ថែម ។
ក្រោយពេលកើតហេតុ ស្ត្រីដែលជាឃាតករ បានចូលខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំសំពៅដើម្បីសារភាព និងទទួលទោស ដោយឡែកកូនប្រុសរបស់ជនបង្កម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយមិនទាន់ដឹងមូលហេតុ ៕ អត្ថបទ : ព្រាប.ស





































