ប្រជាពលរដ្ឋចំនួន៥៤៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង និងមានជីវភាពខ្វះខាតទទួលអំណោយជាស្បៀងពីសម្ដេចតេជោ ហ៊ុន សែន

(កំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត លោកអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមចែកអំណោយជាស្បៀងសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់ប្រជាពលរដ្ឋចំនួន៥៤៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង ដែលអញ្ជើញមកពី០៣ឃុំ(ឃុំបាក់ស្នា  ឃុំបល្ល័ង្ក និងឃុំ ត្នោតជុំ) ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

      

     ជាមួយគ្នានេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានសង្កត់ធ្ងន់ៗលើអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងតាមបណ្តាមូលដ្ឋាន ត្រូវតែបង្ក្រាបឲ្យបានជាដាច់ខាតមិនមែនជាពេលត្រូវណែនាំទៀតទេ គឺត្រូវបញ្ចប់ល្បែងស៊ីសងឲ្យខានតែបាន។ ដោយសង្កេតឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតស្បៀងអាហារដែលរងគ្រោះដោយទឹកជំនន់ សម្ដេចទាំងពីរតែងតែ ផ្ដល់ជាស្បៀងអាហារ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាអត់ស្បៀងអាហារនោះឡើយ។

     ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយទឹកជំនន់ ឬឧបទ្ទវហេតុផ្សេងៗ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន និងមានសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ 

         ឯកឧត្ដមអភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យគ្រប់រដ្ឋបាលឃុំ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះឈ្មោះបោះឆ្នោត និងអ្នកប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។

      សូមបញ្ជាក់ថា ប្រជាពរដ្ឋចំនួន៥៤៨គ្រួសារដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួលបាន អង្ករ០១បេ មី០១កេស  ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ  ត្រីខ០១យួរ ទឹកបរិសុទ្ធ០១កេសផងដែរ៕