ចាប់ខ្លួនតម្រួតថៃម្នាក់ដែលលួចកាំភ្លើងជាង១០០ដើមយកទៅលក់ដោយសារចាញ់ល្បែង

ប្រទេសថៃ ÷ តម្រួតថៃមួយរូប ដែលមានតួនាទីជាប្រធានការិយាល័យ គ្រប់គ្រង់អាវុធជាតិផ្ទុះ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបុគ្គលរូបនេះ បានលួចយកកាំភ្លើងវែង ខ្លី ចេញពីឃ្លាំងអស់ជាង១០០ដើម យកទៅលក់ដើម្បីដោះបំណុលដោយសារចាញ់ល្បែងភ្នាល់បាល់។

ការចាប់ខ្លួននេះគឺបានធ្វើឡើង កាលពីល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តណងខាយ ជាប់ព្រំដែនឡាវ តាមអំណាចនៃសាលដីកា របស់តុលាការ ដែលជនសង្ស័យរូបនេះបានគេចខ្លួនមកស្នាក់នៅរយ:ពេល៤ថ្ងៃហើយ ដោយគេកំពុងធ្វើឯកសារ ក្នុងការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ព្រោះភរិយានៅទីនោះ។

លោកឧត្តមសេនីយ៍ សុនសេដ្ឋ ហាក់ផាន អគ្គស្នងការរងនគរបាលជាតិ របស់ថៃ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឆៅវ៉ាលីត ភុំចន អាយុ ៤២ ឆ្នាំ មាននាទីជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ រយ:ពេល ១៨ឆ្នាំ កន្លងមកហើយ នៅក្នុងអង្គភាពតម្រួត ប៉ាកក្រេត ដោយគេបានលួចយកអាវុធចេញពីឃ្លាំងអាចំនួន ១៣៤ ដើម្បី ដែលក្នុងនោះ ភាគច្រើនជាអាវុធខ្លី ដោយឡែកមួយចំនួនតូចជាប្រភេទអាវុធវែង និងគ្រាប់បែក។

លោកបានបន្តថា ក្រោយពីបានស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យត្រៀមឯកសារចេញទៅក្រៅប្រទេស ទើបលោកចាត់កម្លាំងតាមចាប់នៅក្នុងព្រំដែន ដើម្បីនាំខ្លួនយកមកសាកសួរ ព្រោះទាំងអ្នកលក់អាវុធ និងអ្នកទិញអាវុធ ដែលគ្មានច្បាប់អនុញ្ញាត សុទ្ធតែមានទោសស្មើគ្នា ។ ប៉ុន្តែនៅយប់នៅដែរ ក៏មានបុគ្គលមួយចំនួន បានយកកាំភ្លើងមកផ្លុងចោលកន្លែងស្ថានីយ៍តម្រួតវិញ សរុបបានចំនួន ២៧ ដើមហើយ ។

លោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ការលួចអាវុធយកទៅលក់ដើម្បីដោះបំណុលល្បែងនេះ ក្នុង១ដើមអាចបានត្រឹម ៣ មុឺនបាតប៉ុណ្ណោះ ហើយលោកនឹងសន្យាថា ប្រមូលអាវុធទាំងអស់នោះយកមកវិញអោយបាន ក្រោយពីសាកសួរចម្លើយជនសង្ស័យចប់ ៕ អត្ថបទ : ព្រាប.ស