ឈូសឆាយដីជើងភ្នំយ៉ាត ផ្នែកខាងមុខ ដើម្បីដាក់តាំងរូបសំណាកផ្លែឈើ តំណាងខេត្ត ឲ្យមហាជនបានស្គាល់

0

(ប៉ៃលិន)៖ រូបសំណាកផ្លែឈើ តំណាងខេត្ត ហ្នឹងលេចរូបរាងនាពេលឆាប់ៗខាងមុខ ដើម្បីឲ្យមហាជនបានដឹង និងយល់ពីដំណាំផ្សេងៗក្នុងខេត្តប៉ៃលិន នេះបើតាមការឲ្យដឹងពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ ទីតាំងដាក់រូបសំណាកនេះ ស្ថិតនៅចន្លេះគឺឡូម៉ែត្រលេខ៨៤ និងគឺឡូម៉ែត្រលេខ៨៥ តាមបណ្តោយផ្លូវជាតិលេខ៥៧ ជាប់ជើងភ្នំយ៉ាត ផ្នែងខាងស្តាំ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ដែលបានដឹងនាំក្រុមការងារ ចុះរៀបចំទីតាំង ខាងលើ បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្រុមការងារ និងអាជ្ញាធរ បានកំពុងរៀបចំឈូសឆាយដីជើងភ្នំយ៉ាត ផ្នែកខាងមុខ ឲ្យរាបស្មើរ ដើម្បីចាក់ប៉េតុង ភ្ជាប់និងផ្លូវជាតិលេខ៥៧ ក្នុងគោលបំណង ដើម្បីលើកកំពស់សោភ័ណភាពទីក្រុងស្អាត ពិសេសការតាំងបង្ហាញផលដំណាំ ឲ្យមហាជនបានដឹង ពីផ្លែឈើមួយចំនួន ក្នុងខេត្តប៉ៃលិន។ លោកអភិបាលរងខេត្ត បានបន្តថា៖ បច្ចុប្បន្ន ខេត្តប៉ៃលិន មានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ សួនកំសាន្តនានា នៅទូទាំងខេត្ត ក្រោមការដឹកនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មិនតែប៉ុណ្ណោះ ប៉ៃលិនមិនគ្រាន់តែជាខេត្តកសិកម្ម សម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក និងការនាំចេញក្រៅនោះទេ ប៉ុន្តែខេត្តជាប់ព្រំដែនមួយនេះ ក៍ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ មិនចាញ់ខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដោយមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ដែលអ្នកខ្លះ បានមកហើយ ចង់មកម្តងទៀតផងដែរ ។សូមបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានរូបសំណាក់ជាច្រើនកន្លែង ដូចជា រូបសំណាកលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាត រូបសំណាក់ត្បូងកណ្តៀង ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន រូបសំណាកស្តេចកង ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ រូបសំណាកព្រះគោ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ និងរូបសំណាកជាច្រើនទៀត ប៉ុន្តែរូបសំណាកផ្លែឈើ គឺមិនទាន់មាននោះទេ ទើបអាជ្ញាធរខេត្ត រៀបចំដាក់បង្ហាញឲ្យមហាជនបានដឹងផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន