អភិបាលរងខេត្តកំពង់ធំ បន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន៨០៩គ្រួសារនៅឃុំពាមបាង

(កំពង់ធំ)÷ឯកឧត្តម ព្រឹម រដ្ឋា អភិបាល​រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី  បានអញ្ជើញបន្តនាំយក អំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ​ចំនួន៨០៩គ្រួសារដែលរងគ្រោះដោយទឹកជំនន់ រស់នៅលើផ្ទៃទឹក និងមានជីវភាពខ្វះខាត នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។

ថ្លែងនៅក្នុងឱកាសនេះ លោក បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូន ជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។

ជាមួយនេះផងដែរឯកឧត្តម ព្រឹម រដ្ឋា បានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលសម្តេចតេជោ តែងតណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិឃុំស្ថិតនៅផ្ទាល់។

ឯកឧត្តមក៏បានអំវនាវដល់បងប្អូនប្រជានេសាទគ្រប់រូបត្រូវនាំគ្នាចូលរួមអភិរក្សមច្ឆជាតិ ជាពិសេសគឺថែរក្សាពូជត្រីនៅតាមដែនអភិរក្សនានា ហើយមិនត្រូវនាំគ្នាប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណាដែលខុសច្បាប់ ឬច្បាប់មិនអនុញ្ញាតនោះឡើយ។ លើសពីនេះ ឯកឧត្តមព្រឹម រដ្ឋា បានអំពាវនាវដល់បងប្អូនស្ត្រីដែលកំពុងមានផ្ទៃពោះ ត្រូវទៅជួបប្រឹក្សាជាមួយគ្រូពេទ្យចាប់តាំងពីចាប់គភ៌ខែតំបូងនិងឲ្យបានទៀងទាត់នៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត។

ឯកឧត្តម ក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត  សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។

គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន៨០៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់និងមានជីវភាពខ្វះខាតទទួលបាន÷ អង្ករ០១បេ មី០១កេស  ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ  ត្រីខ០១យួរផងដែរ៕