កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់បងប្អូនប្រជា ពលរដ្ឋ ដែលបានចូលរួមចំណែកជាបច្ច័យប្រមាណជាង ៤០លានរៀល ដើម្បីកសាងកុដិឲ្យសាម ណសិស្សនិស្សិតស្នាក់នៅបន្តការសិក្សារៀនសូត្រ ក្នុងវត្តជោតនារាម បឹងកុក ក្រុងកំពង់ចាម ខណៈរដ្ឋបាលខេត្តកំពង់ចាម បានចូលរួមបច្ច័យជិត ១២ម៉ឺនដុល្លារ តាមរយៈបុណ្យកឋិនទានសាមគ្គី ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ០២២ ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តា ៤យ៉ាង ទី១- គឺកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថាមានសន្តិភាពទើបយើងមានឱកាស ធ្វើបុណ្យជួបជុំគ្នាទៅបាន ។ ទី២- កត្តាហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់ ពីព្រោះថាមានផ្លូវស្រួល សម្រាប់ធ្វើដំណើរ ទើបយើងនាំគ្នាទៅវត្តអារាមក៏បានស្រួលដែរ ។ ទី៣- កត្តាជីវភាព ពីព្រោះថា ការធ្វើបុណ្យដាក់ទានតិចឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ទី៤ – កត្តាជុំ នឿ ពីព្រោះថា មានជុំនឿទុកចិត្តលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋ យើង ចូលបុណ្យដើម្បីកសាងសមិទ្ធផលផ្សេងៗ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំឭកដល់ គណៈកម្មការអាចារ្យវត្ត និង គណៈសង្ឃ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានជុំនឿទុកចិត្ត ក្នុងការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀតផងដែរ ៕




































