កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្ដល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាកសិករប្រមាណ ១.៣៥១គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ តាមការសំណូមពរពីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំចំនួន៥ នៃស្រុកស្រីសន្ធរ បន្ទាប់ពីប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលកន្លងមក ។ ការលេីកឡើងបែកនេះក្នុងឱកាសដែលឯកឧត្តម រួមដំណើរជាមួយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាកសិកចំនួន ១.៣៥១គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យបងប្អូនប្រជាកសិករ ត្រូវយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្តារឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្រ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ដើម្បីចូលរួមថែរក្សា និងការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិកា បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារ និងមានរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅ ធ្វើការដាំដុះឲ្យបានទាន់ពេលវេលា ដេីម្បីស្ការជីវភាពគ្រួសារឡេីងវិញ ៕







































