អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងមានជីវភាពខ្វះខាតចំនួន៦៨០គ្រួសារ នៅខេត្តប៉ៃលិន

(ប៉ៃលិន)៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារគណអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត មន្ត្រីសមត្ថកិច្ច បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះទឹកជំនន់ចំនួន៦៨០គ្រួសារ នៅទូទាំងខេត្តប៉ៃលិន។
ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូន ជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ជាមួយនេះផងដែរលោកជំទាវ អភិបាលខេត្ត ក៍បានបញ្ជាក់ផងដែរថា៖ ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលសម្តេចតេជោ តែងតណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិឃុំស្ថិតនៅផ្ទាល់។ លោកជំទាវ បាន ស្រីមុំ ក៍បានអំពាវនាវ ដល់គ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយ ហើយទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៅមុខទៀត។
សូមបញ្ជាក់ថា៖ អំណោយរបស់សម្តេចតេជោ ដែលផ្តលជូនពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ២៥គឺឡូក្រាម ,ទឹកស៊ីអ៊ីវចំនួន១យួរ, ត្រីខចំនួន១ឡូ,ប្រហុកចំនួន១គីឡូរ ,ទឹកសុទ្ធចំនួន១កេស,មីចំនួន១កេស,ម៉ាស១, ឃីតមួយ(មុថ១ ភួយ១ កន្ទេល១ កន្សែង១ សារ៉ុង១) និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន