ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

0

សៀមរាប៖ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១,១១០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូកាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ត្រីខ១យួរ និងទឹកសុទ្ធ១កេស។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបង្ហាញនូវការសោកស្ដាយចំពោះការលិចលង់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្សេងៗ របស់ប្រប្អូនប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀង។ ដោយឡែកសម្រាប់អំណោយដែលបាននាំយកមកចែកជូនដល់បងប្អូននាពេលនេះ វាក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលកន្លងមកសម្ដេច តែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យខូចខាត់ស្រូវ និងផលដំណាំផ្សេងៗ សូមកុំបាក់ទឹកចិត្តហើយត្រៀមខ្លួននៅពេលទឹកស្រកអស់ត្រូវចាប់ផ្ដើមសកម្មភាពដាំដុះឡើងវិញ ដោយក្នុងនោះអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក៏បាននឹងបន្តផ្ដល់ជូននូវពូជស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតដល់បងប្អូនសម្រាប់ទុកធ្វើការដាំដុះឡើងវិញ។ ពោលគឺសំដៅទៅលើការគិតគូអំពីដំណាំស្រូវដែលត្រូវរងការបំផ្លិចបំផ្លាញ ព្រោះថាដំណាំស្រូវ គឺជាដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអទិភាពលើវិស័យសេដ្ឋកិច្ចជាតិ ដូច្នេះហើយរាជរដ្ឋាភិបាលរួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់លើបញ្ហានេះ ធ្វើយ៉ាងណាសដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឲ្យបានទាន់ពេលវេលា។

បើតាមលោក ហ៊ន់ ឬទ្ឋិ អភិបាលស្រុកស្រីស្នំ បានឲ្យដឹងថា នៅទូទាំងស្រុកស្រីស្នំ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបណ្ដាលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៥៣៦គ្រួសារ ដោយក្នុងនោះប្រជាពលរដ្ឋលិចផ្ទះត្រូវទទួលបានស្បៀក ចំនួន ២,៦៦០គ្រួសារ និងប្រជាពលរដ្ឋខូចខាត់ដំណាំស្រូវចំនួន ២,៨៧៦គ្រួសារ។ ហើយកន្លងមកប្រជាពលរដ្ឋលិចផ្ទះចំនួន ១ពាន់គ្រួសារ ត្រូវបានទទួលអំណោយពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ជាក់ស្ដែងសម្រាប់ប្រជាប្រជាពលរដ្ឋដែលទទួលបានអំណោយពីរាជរដ្ឋភិបាលនាថ្ងៃនេះ មានចំនួន ១,១១០គ្រួសារ ដែលមកពី ៥ឃុំ និងនៅសល់ជាង ៥០០គ្រួសារទៀតនឹងត្រូវចែកជូនជាបន្តបន្ទាប់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលខូចខាត់ដំណាំស្រូវ កន្លងមកជាង ១ពាន់គ្រួសារហើយ បានទទួលពូជស្រូវទុកដាំស្ដារឡើងវិញនៅពេលទឹកស្រក ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ហើយសម្រាប់គ្រួសារប្រជាពលរដ្ឋដែលនៅសល់មិនទាន់ទទួលបានគ្រាប់ពូជ អាជ្ញាធរនឹងបន្តចែកជូននៅពេលឆាប់ៗ ខាងមុខនេះ៕