ពិធី​ចុះហត្ថលេខាកិច្ចសហការស្វែងរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តឧត្តរមានជ័យ 

0

(ឧត្តរមានជ័យ)៖នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ព្រមទាំងសហការី បានទទួលបដិសណ្ឋារកិច្ច គណៈបញ្ជាការ ៥១៥ ខេត្តតៃនិញ-សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ហ្វាន ស៊ិន គឿន ប្រធាននយោបាយ/យោធាខេត្ត និងជាអនុប្រធានគណៈដឹកនាំ ៥១៥ ខេត្តតៃនិញ ស្តីពីពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការស្វែងរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបណ្តាសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងធ្វើមាតុភូមិនិវត្តន៍វិញ ដំណាក់កាលទី២២ (រដូវប្រាំង ២០២២-២០២៣) នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានសម្តែងមតិស្វាគមន៍ ចំពោះគណៈប្រតិភូ ៥១៥ ខេត្តតៃនិញ ក្នុងដំណើរទស្សនកិច្ចពិភាក្សាការងារ និងបានបង្ហាញរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្វែងរុករក ប្រមូលអដ្ឋិធាតុជនកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងដំណាក់កាលនៃឆ្នាំកន្លងមក។

ក្នុងនោះដែរ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និយាយជារួម។ ដោយឡែករវាងខេត្តឧត្តរមានជ័យ និងខេត្តតៃនិញ ក្នុងប្រតិបត្តិការស្វែងរុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបណ្តាសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងធ្វើមាតុភូមិនិវត្តន៍វិញ ដែលទទួលបានលទ្ឋផលល្អកន្លងមក ព្រមទាំអបានប្ដេជ្ញាចិត្តបន្តសហប្រតិបត្តិការក្នុងកិច្ចការងារមនុស្សធម៌ខាងលើនេះ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសយើងទាំងពីរ។

លោកវរសេនីយ៍ឯក ហ្វាន ស៊ិន គឿន ប្រធាននយោបាយ/យោធាខេត្ត និងជាអនុប្រធានគណៈដឹកនាំ ៥១៥ ខេត្តតៃនិញ បានសម្តែងនូវអំណរអរគុណចំពោះ ឯកឧត្តម អភិបាលខេត្តរង លោកមេបញ្ជាការ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូវៀតណាមយ៉ាងយកចិត្តទុកដាក់ និងបានជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់ក្រុមការងារស្វែងរុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងធ្វើមាតុភូមិនិវត្តវិញ៕ដោយ:ចាន់ ធី