ឯកឧត្តម ស៊ុយ សែម អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវអគាររដ្ឋបាលថ្មីមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន

0

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវអគាររដ្ឋបាលថ្មីមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមគណៈអធិបតី,ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ,លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោក លោកស្រី តាមបណ្តាមន្ទីរជុំវិញខេត្ត ជាច្រើនរូប។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការជួយឧបត្ថម្ភគាំទ្រ ពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំប្រមូលផ្តុំនូវគំនិតស្មារតី ធ្វើការដឹកនាំអភិវឌ្ឍន៍ខេត្ត ឲ្យមានរីកចម្រើនជាបន្តបន្ទាប់ ។ជាក់ស្តែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន នាឱកាសនេះពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះ ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត និយាយជារួម និងដោយឡែកចំពោះវិស័យ រ៉ែ និងថាមពល ដែលជាមូលដ្ឋានគ្រឹះមួយ ក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ជាអន្តរវិស័យ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះមន្ទីរ៉ែ និង ថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញ អាជ្ញាប័ណ្ណ ឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ទៅតាមច្បាប់ ដែលបានកំណត់ ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៍បានបញ្ជាក់ដែកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ទីរ រ៉ែ និងថាមពល ខេត្តប៉ៃលិន ដែលបាន ធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្ត នៅតាមគោលការបែបបទ របស់ក្រសួង ដែលបានដាក់ជូនយ៉ាងល្អប្រសើរ។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៍បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ និងចូលរួមថែរក្សាអគារ ឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់ បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យរ៉ែ និងថាមពល ឱ្យបានល្អប្រសើរផងដែរ។
បើតាមរបាយការណ៍របស់លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានអោយដឹងថា៖ អគាររដ្ឋបាលថ្មីនៃមន្ទីរ៉ែ និងថាមពល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយប្រើរយៈពេលសាងសង់ចំនួន ៥ខែ ១៩ថ្ងៃ គឺមានទំហំ ២០ម៉ែត្រ x ១០ ម៉ែត្រ, មានកម្ពស់ ២ ជាន់, ក្នុងនោះជាន់ក្រោមមានចំនួន ៧ បន្ទប់ មានបន្ទប់ទឹកចំនួន ២, ជាន់លើមានចំនួន ៣បន្ទប់ (សាលប្រជុំ ១) និងបន្ទប់ទឹកចំនួន ២ និងបាននាំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារឹមសម្រាប់ បំពេញការងាររួចរាល់ ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន