អភិបាលខេត្តកំពង់ចាម ចុះវាយតម្លៃអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនពលរដ្ឋក្នុងស្រុកបាធាយ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព នៃការសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលជាចំណងដៃដ៏ ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់ប្រជា ពលរដ្ឋក្នុងស្រុកបាធាយ ជាពិសេសពលរដ្ឋនៅភូមិរោធ ឃុំត្រប់ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា នៅពេលបានផ្លូវកៅស៊ូនេះជូនដល់ ប្រជាពលរដ្ឋយើង​ គាត់អាចធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានដោយ ងាយស្រួល និងឆាប់រហ័ស ព្រមទាំងបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងក្នុង តំបន់នេះ ឲ្យមានភាពប្រសើរឡើងផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលតែងតែមានការអភិវឌ្ឍន៍ឈានទៅមុខជាបន្តបន្ទាប់ ទាំងនៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាក់ស្ដែងតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការកសាងផ្លូវ១ខ្សែ មានប្រវែង១៣,៥៧១.០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ភូមិរោធ ឃុំ ត្រប់ មកភូមិថ្កូវ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ នេះឡើង ។

បើតាមប្រជាពលរដ្ឋ នៅភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងមកពិតជាមានការលំបាកនៅក្នុងការ ធ្វើដំណើរ ឬដឹកកសិផលដំណាំផ្សេងៗ យកមកលក់នៅទីផ្សារ ដោយចម្ងាយផ្លូវមានប្រវែងជិត ១៤គីឡូម៉ែត្រ មិនថារដូវប្រាំង ឬរដូវវស្សាទេ គឺផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយ កត្តាទាំងនេះហើយ ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើន ។ ពលរដ្ឋដដែលបានបន្តថា ផ្លូវមួយខ្សែនេះក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ ស្ថាបនា ជាផ្លូវកៅស៊ូធ្វើអោយប្រជាពលរដ្ឋសប្បាយត្រេកអរជាយ៉ាងខ្លាំង ដោយបានប្រើប្រាស់ផ្លូ វនេះ ជាមធ្យោបាយឆ្លងកាត់ ក៏ដូចជាការដឹកកសិផល យកមកលក់នៅទីផ្សារបានយ៉ាងងាយស្រួល និងឆាប់រហ័ស ធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង ។

គួរបញ្ជាក់ រហូតមកដល់ពេលនេះ លទ្ធផលនៃការសាងសង់ផ្លូវនេះ គឺជិតរួចរាល់ជាស្ថាពរហើយ ដោយនៅចំណុចខ្លះទៀត​ ជាតំបន់ទំនាប រងការរំខាន រាំងស្ទះ ដល់ដំណើរការសាងសង់ ដោយជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យអ្នកម៉ៅការរៀបចំបច្ចេកទេសថ្មី​ ផងដែរ​ ៕