ខួបលើកទី១៨ឆ្នាំនៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចបរមនាថនរោត្តម សីហមុនី

0

រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ ខួបលើកទី១៨ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២២  ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានដឹកនាំពិធីនោះ។ និងមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណ មន្ត្រីសង្ឃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនិងមហាជនជាច្រើនបានចូករួម ។លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានឡើងអានជីវប្រវត្តិរបស់សង្ខេបព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ដែលបង្ហាញថា:

ថ្ងៃនេះជាខួបលើកទី ១៨ឆ្នាំ(ថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤-២០២២ )នៃព្រះរាជពិធី នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែល ព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤កន្លងមកនេះ។ឯកឧត្ដម អ៊ុំ រាត្រី និងលោកខេងស៊ុម បានអានសារលិខិតថ្វាយ ព្រះពរសពសារធុការ និងបានសម្តែងភក្ដីភាពកតញ្ញូធម៌ ដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបុណ្យ ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងបារមីទេវតារក្សាស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ។សូមឱ្យមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដែលព្រះអង្គកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ ។សូមបញ្ចាក់ថា ក្នុងរយៈពេល១៨ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។

ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែក បរិច្ចាគថវិកាផ្ទាល់ របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទាន ថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ 

បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាលមួយចំនួន ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព ៕ដោយ៖ឃិន គន្ធា