ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ប្រគល់អំណោយសម្ភារៈប្រើប្រាស់ចាំបាច់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមការងារ នាំយកអំណោយសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនមកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

 

លោកអនុសេនីយ៍ទោ លេន ណាលិ បានបញ្ជាក់ថាសម្ភារៈ ដែលបានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការបម្រើអង្គភាពនិងបម្រើប្រជាជន រួមមាន ៖ ម៉ាស៊ីនគោយន្តនិងរ៉ឺម៉កចំនួន ៦គ្រឿង  ម៉ូតូចំនួន២៤គ្រឿង កាណូតចំនួន៤គ្រឿង វិទ្យុទាក់ទងលើតុចំនួន ១៥គ្រឿង វិទ្យុទាក់ទងដៃចំនួន៧៥គ្រឿង បន្ទះសូឡាសម្រាប់បញ្ជូលអាគុយចំនួន១២គ្រឿង បន្ទះសូឡាសម្រាប់ប្រើប្រាស់បំភ្លឺភ្លើងចំនួន១០គ្រឿង  ម៉ាស៊ីនហ្វូតូកូពីខ្នាតធំចំនួន១គ្រឿង ស៊ីម៉ងត៍ចំនួន៣០តោន និងស័ង្កសីចំនួន២.៥០០សន្លឹក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត   មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង  ហើយថ្ងៃនេះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវសម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់បម្រើការក្នុងអង្គភាពក៏ដូចជាបម្រើប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តចាត់ចែងប្រើប្រាស់សម្ភារៈទាំងនេះទៅតាមបណ្ដាកងឯកភាពនីមួយៗ និងប្រើប្រាស់ឲ្យចំគោលដៅក្នុងការបម្រើអង្គភាពនិងប្រជាជន  និងសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមបានប្រកបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ប៊ុន រដ្ឋា