អភិបាលរងខេត្តកំពង់ធំ សំណេះសំណាល សួរសុខទុក្ខចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន៣០០គ្រួសារ នៅស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោកបណ្ឌិត ពិន សុវណ្ណា ប្រធានក្រុមហ៊ុន
ធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន លោក លោកស្រីបុគ្គលិកក្រុមហ៊ុន លោកអភិបាលស្រុក និងមន្ត្រីរាជកា របានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន៣០០គ្រួសារ ជាអំណោយរបស់ក្រុមហ៊ុន ធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ស្វាយ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ក៏បានអរគុណដល់ លោកបណ្ឌិត ពិន សុវណ្ណា ប្រធានក្រុមហ៊ុនធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន ដែលបានលះបង់ពេលវេលា និងនាំយកអំណោយសប្បុរសជន ដើម្បីយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀងចំនួន៣០០គ្រួសារដែលមកពី ឃុំត្រពាំងឬស្សីចំនួន២៥១គ្រួសារ និងឃុំត្បែងចំនួន៥៩គ្រួសារ នាពេលនេះ។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោកជំទាវ លំ គន្ធារីអភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់កន្លងទៅថ្មីៗនេះ ហើយគ្រួសារមួយចំនួនក៏មានជីវភាពខ្វះខាត។ ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលស្រុកកំពង់ស្វាយ បានអំពាវនាវដល់សប្បុរសជន អង្គការដៃគូ ពិសេសក្រុមហ៊ុនធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន បានឧបត្ថម្ភជាស្បៀងអាហារដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកំរិតផងដែរ។

ជាចុងក្រោយលោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ព្រមទាំងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅមណ្ឌលសុខភាពនៅជិតផ្ទះបងប្អូន។ សូមអញ្ជើញចូលរួមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថាសម្រាប់អំណោយសប្បុរសជន ពីក្រុមហ៊ុន ធីវ៉ាយឌីស៊ី អ៉ិនវេសម៉ិន រួមមាន អង្ករចំនួន៦០០០គីឡូក្រាម ត្រីខចំនួន៣០០យួរ ទឹកត្រី ចំនួន៣០០យួរ ទឹកស៊ីអ៊ីវចំនួន៣០០យួរ និងប៊ីចេងចំនួន៦០០កញ្ចប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ។