មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនអង្គភាពកងទ័ពនៅខេត្តពីរ ជាប់ព្រំដែនឡាវ និងវៀតណាម នៃភាគឦសាន្តកម្ពុជា

0

ខេត្តស្ទឹងត្រែង/ខេត្តរតនគិរី៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយា បានឧបត្ថម្ភសម្ភារៈ បរិក្ខាប្រើប្រាស់ជាច្រើនប្រភេទ ជូនដល់អង្គភាពកងទ័ពចំនួន៣ នៅក្នុងខេត្តពីរជាប់ព្រំដែនឡាវ និងវៀតណាម ភាគឦសាន្តកម្ពុជា គឺ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ,អង្គភាពកងពលតូចថ្មើជើងលេខ១២៨ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងរតនគិរី ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

ការផ្តល់ជូន នូវអំណោយជាសម្ភារៈបរិក្ខាប្រើប្រាស់ជាច្រើនប្រភេទនេះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ  នៅទីបញ្ជាការកងទ័ពទាំង ៣អង្គភាព នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៃភាគឦសាន្តកម្ពុជា។

នៅក្នុងការផ្តល់អំណោយរបស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​និងភរិយា ជូនដល់អង្គភាពកងទ័ពទាំង៣ នាគ្រានោះ ៖

អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ជាប់ព្រំដែនឡាវ ទទួលបានសម្ភារៈប្រើប្រាស់ រួមមាន៖ ម៉ូតូ ២០គ្រឿង ,វិទ្យុទាក់ទង ២៥គ្រឿង ,កុំព្យូទ័រយួរដៃ ,ម៉ាស៊ីនព្រីនធើ ,ម៉ាស៊ីនហ្វូតូកូពី និងកុំព្យូទ័រលើតុ ៧គ្រឿង ,អាគុយ ៧០A ២០គ្រឿង ,សូឡា ១០០w ២០គ្រឿង ,ម៉ាស៊ីនGPS ៣១គ្រឿង និងKenwood TM ៥ឈុត ផងដែរ។

អង្គភាពកងពលតូចថ្មើជើងលេខ១២៨​ នៃយោធភូមិភាគទី១ ស្ទឹងត្រែង ជាប់ព្រំដែនឡាវ ទទួលបានសម្ភារៈប្រើប្រាស់ រួមមាន៖ ម៉ូតូ ២១គ្រឿង និងវិទ្យុទាក់ទង ៤៥គ្រឿង/ឈុត ។

អង្គភាពតំបន់ប្រតិបត្តិការសឹករងរតនគិរី ជាប់ព្រំដែនវៀតណាម ទទួលបានសម្ភារៈប្រើប្រាស់ រួមមាន៖ ម៉ូតូ ២២គ្រឿង ,កុំព្យូទ័រយួរដៃ ២គ្រឿង ,Side and Projector ១គ្រឿង ,វិទ្យុទាក់ដៃ ៧គ្រឿង និងម៉ាស៊ីន GPS ២៧គ្រឿង។ សម្ភារៈទាំងនេះ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់នៅក្នុងអង្គភាព ក៏ដូចនៅក្នុងពេលបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។

មេបញ្ជាការកងទ័ពទាំង៣អង្គភាព បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការផ្តល់អំណោយដ៏ថ្លៃថ្លារបស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំង លោកជំទាវ ពេជ្រ ចន្ទមុន្នី​ តាងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានសម្ដែងនូវការដឹងគុណ និងអរគុណជាអនេក ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំណាយធនធានផ្ទាល់ខ្លួន ជួយសម្រួលដល់ការលំបាក និងភាពខ្វះខាត ដល់អង្គភាពទាំង៣ ក្នុងស្មារតីជាតិនិយម ការគិតគូរពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយព្រហ្មវិហារធម៌។

មេបញ្ជាការទាំង៣អង្គភាព បានបញ្ជាក់ទៀតថា លោកនឹងធ្វើការបែងចែកអំណោយទាំងនេះ ទៅតាមបណ្តាកងឯកភាពចំណុះទាំងអស់ ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយអង្គភាពទាំង៣ គឺតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ ,កងពលតូចថ្មើជើងលេខ១២៨ ដែលមានលោកឧត្តមសេនីយ៍ទោ មាជ សាមុត ជាមេបញ្ជាការ និងតំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលមានលោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក ជាមេបញ្ជាការ បានប្តេជ្ញាថា នឹងខិតខំបំពេញភារកិច្ចការពារជាតិយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖ឡុង សំបូរ