(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថូ គឹមស៊ន ក្រុមការងារ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក។ សម្រាប់ផ្គត់ផ្គង់សម្រាប់ចាត់ចែងបន្តដល់ក្រុមកីឡាករទូកង ដែលនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រណាំងទូកងររបស់រដ្ឋបាលខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅទីរួមខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះ លោក ថូ គឹមស៊ន បាននាំយកនូវការផ្តាំសួរសុខទុក្ខរបស់អ្នកតំណាងរាស្ត្រ គឺ ឯកឧត្តម យឹម លាត ហើយឲ្យកីឡាករគ្រប់រូបត្រូវ ខិតខំប្រឹងអុំប្រកួតប្រណាំងឲ្យអស់ពីសមត្ថភាព និងទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីជាកិត្តិយមុខមាត់របស់មូលដ្ឋានស្រុកប្រាសាទបល្ល័ង្កយើងទាំងអស់គ្នា។ ការប្រណាំងទូកងគឺជាការសាមគ្គីភាពគ្នាដើម្បីជាកម្លាំងមួយសម្រាប់ប្រកួតប្រជែងយកភាពជោគជ័យជូនអង្គភាពឱ្យមាន កិត្តិយស និងកេរ្តិ៍ឈ្មោះ ព្រមទាំងមានការលើកទឹកចិត្តការផ្ដល់រង្វាន់ពីថ្នាក់ដឹកនាំផងដែរ។
ជាមួយគ្នានេះដែរ លោក យ៉ុម ហឿន អភិបាលរងស្រុកប្រសាទបល្ល័ង្ក បានបញ្ជាក់ឲ្យដឹងថា ស្រុកប្រសាទបល្ល័ង្ក នឹងបញ្ជូនទូកងចំនួន០២គ្រឿង ដែលមានកីឡាករ ចំនួន៣០នាក់ ចូលរួមជាមួយកម្មវិធីថ្នាក់ខេត្តដើម្បីឲ្យកម្មវិធីនេះមានភាពធអិកអធ័មថែមទៀត។
គួរបញ្ជាក់ផងដែរថា ថវិកានិងគ្រឿងឧបភោគបរិភោក ដែលប្រគល់ជូននៅពេលនេះរួមមានថវិកា៥០០.០០០រៀល អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ១៥កេស និងភេសជ្ជៈ០២កេស។





































