ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន របស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានធ្វើឡើងនៅក្នុងដំណើរដឹកនាំ កងកម្លាំងចុះពិនិត្យទីតាំងភូមិសាស្ត្រ នៃចំណុចឈរជើងដែលអង្គភាពខ្លួនទទួលខុសត្រូវ នៅតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នៅក្នុងដំណើរឆ្ពោះទៅពិនិត្យស្ថានភាព និងសភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នោះ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ ផ្តាំផ្ញើដល់គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្ត ចេញយាមល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែង ដាស់តឿន និងសំណូមពរដល់ មេបញ្ជាការ តាមបណ្តាអង្គភាពចំណុះទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគ្រប់គ្រងឲ្យបានល្អ ចំពោះអាវុធគ្រាប់ ត្រូវធ្វើអនាម័យដុសលាង និងរក្សាទុកក្នុងបន្ទប់អោយបានសមរម្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់ នូវបញ្ជីស្នាម ចំនួនអាវុធគ្រាប់ បង្កាក្នុងករណីខូចខាត ឬបាត់បង់ណាមួយ ជាយថាហេតុ៕ដោយ៖ឡុង សំបូរ