(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ្ញ៉ា គុយ លាងគី សំណេះសំណាលជាមួយកីឡាករទូក ង ក្នុងស្រុកកំពង់ស្វាយ ថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
លោកស្រី ឃួន ឃុនឌី បានមានប្រសាសន៍ថានេះពិតជាមោទនភាពណាស់សម្រាប់ស្រុកកំពង់ស្វាយ ដែលមានទូកចូលរួមប្រកួតចំនួន៦ទូក ហើយក៏សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំស្រុកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការរៀបចំក្រុមកីឡាករទូកទាំង៦ទូកក្នុងការមកចូលរួមប្រកួតនៅថ្នាក់ខេត្តនៅថ្ងៃទី៤-៥នេះ បើទោះបីមិនមានការប្រកួតនៅរាជធានីភ្នំពេញក៏ដោយ ។
លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ សប្បុរសជន ដែលបាន រួមចំណែកគាំទ្រ និងឧបត្ថម្ភដល់កីឡាករទូកក្នុងស្រុកកំពង់ស្វាយ ជាថវិកា ថ្នាំពេទ្យ និងគ្រឿង ឧបភោគបរិភោគ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករ ទូករបស់យើង។
លោកស្រីបន្តថានៅពេលនេះក្រុមការងារ និងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូកហើយ ក្រុមកីឡាករទូកង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូក ងកាន់តែលឿនជាងមុន ពិសេសពិសេសលក្ខណៈបច្ចេកទេសក្នុងការអុំទូក ហើយលោកស្រីបានលើកទឹកចិត្តដល់ទូកក្នុងស្រុកកំពង់ស្វាយទាំងអស់ប្រសិនបើទូកណាមួយទទួលបានលេខ១ លោកស្រីនិងឧបត្ថម្ភបន្ថែមទៀត ។
លោកស្រីបានផ្តាំផ្ញើដល់កីឡាករទាំងអស់ផងដែរព្រមទាំងជម្រាបជូនអំពីស្ថានភាពប្រទេសជាតិរបស់យើងគឺព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នដែលប្រកបដោយសេចក្តីសុខ សន្តិភាព ពេញបរិបូរណ៍ និងសេដ្ឋកិច្ចសង្គមមានការរីកចម្រើន គួរជាទីមោទនៈក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
កីឡាករអ៊ុំទូក ង បានបង្ហាញការសាទរយ៉ាងក្លៀវក្លាចំពោះការជួយឧបត្ថម្ភ ហើយបានប្តេជ្ញាចិត្តនិងយកជ័យលាភីជូនស្រុក ឃុំនិងភូមិរបស់ខ្លួនឲ្យបាន ។
ក្នុងពិធីសំណេះសំណាលលោកស្រី ឃួន ឃុនឌី និងលោកឧកញ្ញ៉ា គុយ លាងគី បានឧតប្ថម្ភដល់កីឡាករទូក ង មានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ក្រមា មួក អាវ និង ថវិកា៥០ម៉ឺនរៀល ក្នុងមួយទូក ។
ក្នុងថ្ងៃដដែលនោះដែរដោយឃើញពីការលំបាកនិងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ លោកស្រីបាននាំយកនូវស៊ីម៉ង់ត៍ ចំនួន១តោន ការ៉ូ៤៣កេះ និងថវិកាមួយចំនួនផ្តល់ជូននាយកសាលាសាលាបឋមសិក្សាអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ សម្រាប់ជួសជុលថ្នាក់រៀន ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្របានសមរម្យ ផងដែរ ។
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ថ្លែងអំណរគុណដល់លោកស្រី ឃួន ឃុនឌី និងលោកឧកញ្ញ៉ា គុយ លាងគី ដែលបានជួយឧបត្ថម្ភជាសម្ភារៈនិងថវិកា សម្រាប់កសាងសាលារៀនឲ្យមានថ្នាក់រៀនបានសមរម្យក៏ដូចជាមានសោភ័ណភាពទាក់ទាញអារម្មណ៍សិស្សមកសិក្សារៀនសូត្រ សូមជូនពរលោកស្រី និងលោកឧកញ្ញ៉ា ព្រមទាំងក្រុមគ្រួសារ សូមជួបសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ ។







































