កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់កម្មករធ្វេីការក្នុងចំការចេកបឹងកេត ស្រុកស្ទឹងត្រង់ ចំនួន៦៩នាក់ ដែលបានរងគ្រោះដោយសារពុលស្រា ស រហូតដល់មានមនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបានស្លាប់ក្នុងហេតុការណ៍ មិននឹកស្មានដល់នេះ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរជាពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ និងជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារសពឲ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះបងប្អូនរងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពឲ្យបានល្អ ដើម្បីបំពេញការងារឲ្យបានប្រក្រតី ឡើងវិញ ។
គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន កម្មកររងគ្រោះ ទាំង ៦៦នាក់ , ក្នុងម្នាក់ៗ ទទួលបាន :
– អង្ករ ៥០គក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់, អាវយឺត ៦ និងថវិកា ២០ម៉ឺនរៀល ។
– ផ្តល់ជូនគ្រួសារសពទាំង ៣នាក់ ក្នុង ១គ្រួសារ ទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង , មី ២កេស និងបច្ច័យចូលបុណ្យ ចំនួន ១លានរៀល ។ ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូន កម្មកររងគ្រោះទាំង ៦៦នាក់ ក្នុងម្នាក់ ៗ ៤០ម៉ឺនរៀល ។ និងកម្មករដែលបានស្លាប់ទាំង ៣នាក់ ក្នុង ១គ្រួសារសព ផ្តល់ជូនថវិកា ៤លានរៀលផងដែរ ។
គួររំលឹកថា បេីគិតត្រឹមថ្ងៃទី១ ខែវិច្ឆិកានេះ មានកម្មករចំការចេក ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត ខណៈកម្មករ ចំនួន ៦៩នាក់ ត្រូវបានសង្ស័យថាពុលស្រា ស បន្ទាប់ពីមានអាការៈ វិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺទ្រូង និងស្រវាំងភ្នែក ហើយត្រូវបញ្ជួនមកសង្រ្គោះ នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។ ដោយជនរងគ្រោះទាំង ៣នាក់ បានស្លាប់ នៅតាមផ្លូវ ពេលបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត រួមមាន ១. ឈ្មោះ ឡ លន់ អាយុ ៥៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២៥ ខែតុលា ។ ទី២. ឈ្មោះ មិល ប៉ុ អាយុ ៤៥ឆ្នាំ បានស្លាប់នៅថ្ងៃទី២៦ ខែតុលា និងទី ៣. ឈ្មោះ ស៊ុំ សុខហ៊ីម អាយុ ៤៦ឆ្នាំ បានស្លាប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ៕







































