សមត្ថកិច្ចស្រាវជ្រាវថាតើជាគ្រោះថ្នាក់ឬជាឃាតកម្ម? ខណះរថយន្តបើកកៀរម៉ូតូបណ្តាលអ្នកបើកម៉ូតូដួលស្លាប់ម៉ូតូខូចខាតធ្ងន់

0

បន្ទាយមានជ័យ ៖សមត្ថកិច្ចស្រាវជ្រាវថាតើជាគ្រោះថ្នាក់ចរាចរណ៍ធម្មតាឬជាឃាតកម្ម? ខណះរថយន្តកៀរម៉ូតូបណ្តាលអ្នកបើកម៉ូតូដួលស្លាប់ ,ម៉ូតូខូចខាតធ្ងន់នៅលើផ្លូវលេខជាតិលេខ 258D ខាងត្បូងផ្លូវបំបែកវិស្វកម្ម ស្ថិតនៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦:៣០នាទី ។

នគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅអោយដឹងថ្ងៃទី០៣ខែវិច្ឆិកាថា :ករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្ត ទង្គិចគៀរម៉ូតូ ស្របទិសគ្នា ។
សមត្ថកិច្ចបន្តថា យោងសាក្សីនិងការស្រាវជ្រាវ គឺដំបូងមានម៉ូតូមួយគ្រឿង ម៉ាកហុងទ្រីម ផលិតឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ផ្លាកលេខ1S 2312 បន្ទាយមានជ័យ បើកបរដោយឈ្មោះ នួយ ដឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់) បានបើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ។
លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង បើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ស្របទិសគ្នា បានបើកគៀរម៉ូតូដែលកំពុងបើកខាងមុខ បណ្តាលអោយមានគ្រោះថ្នាក់កើតឡើងតែម្តង។

អ្នកបើកបរដែលក្តាប់អត្តសញ្ញាណមិនទាន់បាន បើកគេចខ្លួនបាត់។

នគរបាលបានបន្តថា : មូលហេតុនៃគ្រោះថ្នាក់នេះ បង្កមកពីមានរថយន្តមួយគ្រឿងក្តាប់អត្តសញ្ញាណមិនបាន បើកគៀរដៃម៉ូតូ ដែលនាំអោយម៉ូតូដួលអូស ចម្ងាយ៥០ម៉ែត្រ រួចត្រូវបានរថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ។
ករណីគួរអោយសង្ស័យ ហើយចាំបាច់ត្រូវស៊ើបអង្កេតរកការពិតថាតើជាគ្រោះថ្នាក់ចរាចរណ៍ឬជាឃាតកម្មក្រោមរូបភាពបង្កគ្រោះថ្នាក់ចរាចរណ៍និងតាមរកចាប់ខ្លួនជនបង្កមកទទួលខុសត្រូវ ។

ក្រោយគ្រោះថ្នាក់ សមត្ថកិច្ចបានយកម៉ូតូ០១គ្រឿងដែលខូចខាតធ្ងន់ ទៅរក្សាទុកដើម្បីស្រាវជ្រាវ ។ឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន ៕ដោយ៖ឃិន គន្ធា