ផ្ទះប្រជាពលរដ្ឋ៥ម៉ែត្រគុណ១៥ម៉ែត្រ និងផ្ទះជិតខាង១ខ្នងទៀត ត្រូវភ្លើង ឆេះអស់ទាំងស្រុង ដោយសារចង្ក្រានហ្គាស់ហើយភ្លេចពន្លត់ភ្លើង

0

បន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ១ខ្នង និងផ្ទះជិតខាង១ខ្នងទៀត ត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ទាំងស្រុង ដោយសារចង្ក្រានហ្គាស់ភ្លេចពន្លត់ភ្លើង។រឿងរាងនេះកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍តឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា៖ ជនរងគ្រោះ១មាន ឈ្មោះ ផឹម ណាង ភេទប្រុស អាយុ ៥៩ឆ្នាំ ផ្ទះមានទទឹង ៥ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ ថ្មក្រោមឈើលើ រស់នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២ – ជនរងគ្រោះ ឈ្មោះ ឈួន វេត ភេទប្រុស អាយុ ៦៥ឆ្នាំ ផ្ទះមានទទឹង ៥ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ ថ្មក្រោមឈើលើ ។
លោកវរសេនីយ៍តឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះ នៅ វេលាម៉ោងប្រហែល ២ និង ៣០ នាទី រសៀល ផ្ទះជនរងគ្រោះឈ្មោះ ផឹម សំណាង បានដាំបាយដោយចង្ក្រានហ្គាស់ ហើយភ្លេចពន្លត់ភ្លើងបណ្ដាលឲ្យផ្ទុះកំប៉ុងហ្គាស់ ឆេះផ្ទះរបស់ខ្លួនអស់ទាំងស្រុង ភ្លាមនោះភ្លើងបានឆេះរាលដាលទៅដល់ផ្ទះរបស់ឈ្មោះ ឈួន វេត ឆេះអស់ទាំងស្រុងបន្តទៀត ពេលភ្លើងកំពុងឆេះនោះ មានអង្គភាពទាំង៣ ក្នុងនោះមានកំលាំងអាវុធហត្ថក្រុង កំលាំងនគរបាលក្រុង និងកំលាំងយោធាក្រុង វត្តមានរដ្ឋបាលក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋ ជាច្រើននាក់បានចុះមកដល់កន្លែងកើតហេតុ មានរថយន្តពន្លត់អគ្គីភ័យ ជួយបាញ់ទឹកពន្លត់ យ៉ាង សស្រាក់ សស្រាំ កន្លះម៉ោងក្រោយមកភ្លើងរលត់អស់ទាំងស្រុង។
លោកវរសេនីយ៍តឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថាពេលភ្លើងរលត់ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ផ្ទះទាំង២ខ្នងនោះភ្លើងឆេះអស់ទាំងស្រុង។រីឯទ្រព្យសម្បត្តិវិញបើមន្ត្រីជំនាញគិតចូលខ្ទង់ម៉ឺនដុល្លាឯណោះ៕ ដោយ៖ឃិន គន្ធា