មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ ចុះផ្សព្វផ្សាយសមិទ្ធផលនយោបាយឈ្នះ ឈ្នះ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសភាពការណ៍ថ្មីៗ

0

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ បានចាត់តាំងលោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា កងពលតូចថ្មើរជើងលេខ៤១ ចុះផ្សព្វផ្សាយអំពីសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអប់រំនយោបាយចិត្តសាស្ត្រ ជូនយោធិនតាមបណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានលើកយកប្រវត្តិកាលនៃការនាំឲ្យមានការបង្កើត និងដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺសំដៅបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ដែលបានអូសបន្លាយអស់ជាច្រើនទសវត្ស ពិសេសបញ្ចប់អង្គការចាត់តាំងនយោបាយយោធារបស់ខ្មែរក្រហម។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការង កងពលតូចថ្មើរជើងលេខ៤១បានថ្លែងបញ្ជាក់ជូនយោធិនថា ដោយកត្តានៃនយោបាយឈ្នះ ឈ្នះ នេះហើយ ទើបធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិតដោយគ្មានការភ័យខ្លាចពីការគំរាមកំហែងដោយគ្រាប់កាំភ្លើង និងមានអ្វីៗគ្រប់បែបយ៉ាង ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១បានថ្លែងបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាង៥០០ឆ្នាំកន្លងមក ពុំធ្លាប់មានសុខសន្តិភាព និងការអភិវឌ្ឍដូចសម័យតេជោនេះទេ ដូចនេះសន្តិភាពពិតជាមានតម្លៃដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរួមគ្នាការពារថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាតមិនឲ្យជនណា ឬក្រុមអគតិណាមកបំផ្លាញសុខសន្តិភាពដែលយើងរកបានមកដោយលំបាកនោះបានជាដាច់ខាត និងត្រូវកំទេចភ្លាមទោះក្នុងតម្លៃណាក៏ដោយ៕ដោយ:ចាន់ ធី