ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នាពេលកន្លងមក ១ពាន់ ២៨៨គ្រួសារ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
យោងតាមរបាយការណ៍របស់ រដ្ឋបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទាំង ១ពាន់ ២៨៨គ្រួសារនោះ គឺនៅក្នុងភូមិធម្មជាតិ ៣៥០គ្រួសារ, ភូមិស្រអែមជើង ២៣៨គ្រួសារ, ភូមិចំបក់សែនជ័យ ២០០គ្រួសារ, ភូមិសុខសែនជ័យ ២០០គ្រួសារ ភូមិតេជោបុស្បូវ ១០០គ្រួសារ, ភូមិស្ទឹងខៀវ ១០០គ្រួសារ និងភូមិបង្គោល៨ ចំនួន ១០០គ្រួសារ ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូ និងយកចិត្តទុកដាក់ខ្ពស់ចំពោះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ នេះ ។
លោកថា នៅពេលថ្មីៗកន្លងមក សម្តេចតេចជោ បានអញ្ជើញចុះជួបសួរសុខទុក្ខ ចែកពូជស្រូវ និងស្បៀងអាហារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រៃវែង ផងដែរ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ទៀតថា បើទោះបីជាសម្តេច មានការមមាញឹកយ៉ាងណាក្តី សម្តេចនៅតែឆ្លៀតឱកាស ដើម្បីចុះជួបនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់ ឬ គ្រោះធម្មជាតិផ្សេងៗ។
ដូច្នេះ តាមរយៈសកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ចំពោះភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ទន្ទឹមនេះ ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលឡើងវិញ សម្រាប់កន្លែងមានប្រភពទឹក ហើយកន្លែងគ្មានប្រភពទឹក ត្រូវយកចិត្តទុកដាក់ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើងវិញ ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការតាមដាន និងជួយដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវ ការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ នៅរដូវទឹកស្រក ដើម្បីធានាដល់ការស្តារឡើងវិញ នូវជីវភាពរបស់ពួកគាត់ ។
គួររំលឹកថា រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញរបាយការណ៍ថា ខេត្តព្រះវិហារ ទទួលរងនូវគ្រោះទឹកជំនន់ ធ្វើឲ្យប៉ះពាល់តាមបណ្តា ក្រុង-ស្រុក និងតំបន់មួយចំនួន រងការលិចលង់ ខូចខាតដំណាំកសិកម្ម ប៉ះពាល់ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត រួមមាន៖ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ២២៩គ្រួសារ ក្នុងនោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ១២៣គ្រួសារ ,ប៉ះពាល់ដំណាំស្រូវ ១០,៩២៣ហិកតា ខូចខាត ៥,០៥៧ហិកតា និងដំណាំរួមផ្សំ ៨,០២០ហិកតា ខូចខាត ៤,៣៣៨ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ០៦ក្រុង-ស្រុក ផ្លូវជនបទមួយចំនួន ទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។ ជាការឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមខេត្ត និងអង្គការដៃគូ បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសាររងគ្រោះ ផងដែរ៕



































