សិស្សស្រីសាលាបថមសិក្សាក្រាំងស្គាតែងតែរវើរវាយទន់ដៃជើងសន្លប់គ្រូមន្តអាគមថាមានខ្មោចសន្ឋិត

0

ខេត្តកំពង់ឆ្នាំង៖សិស្សសាលាស្រីចំនួន ៤ នាក់ដែលកំពុងសិក្សានៅសាលា បឋមសិក្សាក្រាំងស្គា ស្ថិតនៅក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរវើរវាយ ស្រែកឲ្យគេជួយ និងបានដួលសន្លប់ បណ្តាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។សិស្សស្រីទាំងនោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំក្រាំងស្គា ដែលនៅជិតនោះ ភ្លាមៗផងដែរ។

លោក កែវ យ៉ិន នាយកសាលាបឋមសិក្សាក្រាំងស្គា បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ គឺធ្លាប់បានកើតឡើង៤ដងរួចមកហើយ លើសិស្សស្រីទាំង៤នាក់នេះ ។ ហើយក៍មិនដឹងបណ្តាលមកពីអ្វីឱ្យច្បាស់លាស់ដែរ។បើខាងគ្រួពេទ្យ បញ្ជាក់ថា៖ សុខភាពក្មេងស្រីគឺធម្មតាទាំងអស់ ប៉ុន្តែតាមបែបអប៉ីយជំនឿវិញថាខ្មោចសន្ឋិត ព្រោះមុនពេលកើតហេតុក្មេងស្រីទាំងនោះ មានសភាពស្លេកស្លាំងញ័រខ្លួន ហើយស្រែកខ្លាំងៗថា៖ មិនទៅទេៗ និងស្រែកឱ្យគេជួយ បន្ទាប់មកបានដួលសន្លប់ ។

លោកនាយកសាលា បានបន្តថា៖ នៅពេលមានបញ្ហាម្តងៗ ក្មេងៗទាំងនោះបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាពឃុំក្រាំងស្គា និងខ្លះទៀត ទៅដល់មន្ទីរពេទ្យខេត្ត រហូតដល់មានខ្លះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ឋបុប្ផាភ្នំពេញ ព្រមទាំង ត្រូវបានក្រុមគ្រួពេទ្យ បូមឈាមយកទៅពិនិត្យដល់វិទ្យាស្ថាន ប៉ាស្ទ័រទៀតផង ។ប៉ុន្តែមិនមានឃើញសញ្ញាអ្វីដែលបញ្ជាក់ថាក្មេងទាំងនោះមានជម្ងឺទេ គឺសុខភាពធម្មតា ហើយត្រូវបានគ្រូពេទ្យ អនុញ្ញាត្តិឱ្យត្រឡប់មកផ្ទះវិញ ជារៀងរាល់លើក ។

ដោយឡែកតាមបែបជំនឿអរូប៉ីយ៍វិញ ត្រូវបាន លោក កែវ យ៉ិន បញ្ជាក់ថាៈ កាលពីជាងមួយខែមុន ដោយសាររៀបចំសោភណ្ឌភាពនៅក្នុងទីធា្លសាលា លោកបានឲ្យសិស្សសាលាទាំងអស់ រៀបចំបោសសម្អាតក្នុងទីធ្លាសាលា ក្នុងនោះបានឲ្យរើ គំនរថ្ម មួយកន្លែងមានកំពស់ ប្រមាណជាង១ ម៉ែត្រ ។ ក្រោយរៀបចំហើយបានប៉ុន្មានថ្ងៃ ស្រាប់តែមានក្មេងជាច្រើននាក់បានផ្អើលស្រែកពេញថ្នាក់រៀន (ថ្នាក់ទី៥)។ពួកគេ(សិស្ស)ប្រាប់ថា៖ បានឃើញមនុស្សស្រីស្លៀកពាក់ស សក់វែង និងបក់ដៃហៅឲ្យទៅជាមួយ ពួកគេប្រកែក ហើយស្រែកឱ្យគេជួយ ។ បន្ទាប់មកក្មេងទាំងនោះមានអាការៈទន់ដៃទន់ជើង ដួលសន្លប់តែម្តង។ ក្មេងៗទាំងនោះ បានកើតអាការៈ បែបនេះម្តងហើយ ម្តងទៀត បើគិត ទាំងព្រឹកនេះ (១០វិច្ឆិកា) ផង គឺ៤ដងហើយ ។ ប៉ុន្តែក្មេងស្រីដែលកើតអាការៈនេះញឹកជាងគេ គឺទី១ ឈ្មោះ ម៉ុត ចន្ឋូ អាយុ១២ឆ្នាំ ទី២ឈ្មោះ ជិន លក្ខិណា អាយុ១២ឆ្នាំ  ទី៣ឈ្មោះ ប៊ន សុខណា អាយុ១២ឆ្នាំ និងទី៤ ឈ្មោះ អឿន ផារី អាយុ១២ឆ្នាំ ពួកគេរៀនថ្នាក់ទី៥ និងមានទីលំនៅ ភូមិចាន់ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស។

លោក នាយកសាលាបានបន្តថា  ឪពុក ម្ដាយ ក្មេងស្រីទាំងនោះ បានទៅរកគ្រូមន្តអាគម ហើយ ត្រូវបានគ្រូនោះ បញ្ជាក់ថាពួកក្មេងៗទាំងនោះបានទៅរុះរើលំនៅឋានរបស់គេ ។ ទើបគេមិនសុខចិត្ត ហើយត្រូវមកយកក្មេងៗទាំងនោះទៅជាមួយ ។ ប៉ុន្តែបើទោះបី ឪពុកម្ដាយ ក្មេងៗ រួមទាំង លោកគ្រូអ្នកគ្រូផង បានធ្វើរោង នឹងសង់ ខ្ទម ព្រមទាំងមាន ជ្រូកខ្វៃ មាន់ ទា សែនព្រេនជូនវិញ យ៉ាងណាក្តី ក៍ក្មេងស្រីទាំងនោះ នៅតែដដែល ជាក់ស្តែង គឺនៅ ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា នេះ។

លោកបញ្ជាក់ថា ព្រឹកនេះក្រោយពីចេញពីមណ្ឌល សុខភាពហើយ ក្មេងស្រីទាំង៤នាក់ ត្រូវបានឪពុកម្តាយ នាំយកទៅជួបគ្រូមន្តអាគម ដើម្បីព្យាបាលវិញម្តង៕