កំពង់ធំ÷ ពិធីបុណ្យអកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ
លើកលែងតែនៅក្នុងរបបខ្មែរក្រហម ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រក ក្នុងខែកត្តិក ត្រូវខែវិច្ឆិកាដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥កើត ខែកត្តិក ដោយ បាន ផ្សារភ្ជាប់ ជាមួយព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប។ពិធីបុណ្យសំពះ ៊ព្រះខែ និងអកអំបុកជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជា មរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មក ហើយ។
ជាក់ស្តែងកាលពីយប់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅស្រុកតាំងគោក ក៏ប្រារព្ធពិធីដាល់អំបុក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងនោះផងដែររដ្ឋបាលស្រុកតាំងគោក ដែលដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុក ក៏បានដឹកនាំកងកម្លាំងទាំងបី មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ចូលរួមក្នុងពិធីនៅវត្តគុហនគរ ដែលស្ថិតនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងពិធីនោះក៏មានការ បោកបែនស្រូវ ដាល់អំបុក អកអំបុក ដែលបង្ហាញពីវប្បធម៍និងសកម្មភាពប្រជាកសិករដែលគាត់បានធ្វើកន្លងមក ។
ថ្លែងនៅក្នុងកម្មវិធីលោក ហាក់ ម៉ុងហួត អភិបាលស្រុកក៏បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត ដែលព្រះអង្គតែងតែផ្តើមធ្វើនូវពិធីបុណ្យនេះជារៀងរាល់ឆ្នាំដើម្បីបង្កបរិយាកាសឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹង ព្រមទាំងពុទ្ធបរិស័ទកម្សាន្តសប្បាយ។លោកក៏បានបន្តទៀតថាដោយសារប្រទេសយើងមានសុខសន្តិភាព យើងទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដទើបគ្រប់វត្តអារាមអាចធ្វើពិធីនេះបាន។
សូមបញ្ជាក់ផងដែរថា ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាពលរដ្ឋ និងយុវជនយុវនារីដែលបានចូលរួមក្នុងពិធីតាមវត្តនីមួយៗ ទូទាំងស្រុកតាំងគោកប្រមាណជាង៣ម៉ឺននាក់ ៕






































