កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញ ចុះសួរ
សុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រចំនួន២៦គ្រួសារ មកពីភូមិ ដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យបញ្ជីរឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។ លោកបានបន្ថែមថា ពេលនេះជាកំលុងពេល ពិនិត្យបញ្ជីឈ្នោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ អាស្រ័យហេតុនេះសូមបង ប្អូនប្រញាប់រួសរាន់ឲ្យទាន់ពេលវេលានៅតាមទីតាំងនានាដែលអាជ្ញាធរនិងគណៈកម្មកររៀបចំការបោះឆ្នោតបានរៀបចំជូនបាននៅជិតមូលដ្ឋានបងប្អូនផ្ទាល់តែម្តង។
លើសពីនេះលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋវៃឆ្លាត គឺនាំគ្នាទៅចុះឈ្មោះនិងទៅបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស ដែល ប្រកបដោយទស្សពិធរាជធម៌ យល់សុខទុក្ខនិងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋ ហើយដឹកនាំប្រទេសបានរីកចំរើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌សម្រាប់ប្រទេសជាតិ។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ទោះបីជាស្ថានភាពកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាយើងមានសភាពធូរស្រាលហើយក្តី ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ០១បេ ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០២យួរ៕





































