ប្រទេសថៃ ÷ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋខ្មែរចំនួន ១០ នាក់ ដែរ ដែលបានរងរបួស ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរ នៅក្នុង
ប្រទេសថៃ ខណ:ដែលពលរដ្ឋខ្មែរទាំងនោះ កំពុងវិលត្រឡប់ចេញពីទីក្រុងបាងកក ក្នុងទិសដៅទៅកាន់ខេត្តស្រះកែវ។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ (អារញ្ញ-បាងកក) ក្នុងខេត្តប្រាជីនបុរី ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តតួរីស ពាក់ស្លាកលេខ បាងកក ១៦-១៧៩១ ដោយរថយន្តមានសភាពរួញក្បាល។
អ្នកបើកបររថយន្តដែលជាជនជាតិថៃ និងកំពុងរងរបួសធ្ងន់បានបញ្ជាក់ប្រាប់តម្រួតយ៉ាងខ្លីថា លោកបានម៉ៅដឹកភ្ញៀវទេសចរខ្មែរទាំង១០នាក់ ត្រឡប់មកកាន់ខេត្តស្រះកែវ ដោយដឹកចេញពីទីក្រុងបាងកកនៅវេលាម៉ោង១០ព្រឹក។ លុះមកដល់ត្រង់ចំណុចខាងលើ គឺកង់រថយន្តខាងមុខ ខាងឆ្វេង បានផ្ទុះឡើងបណ្តាលអោយរថយន្តរេធ្លាក់ចេញពីផ្លូវ ទៅបុកនឹងដើមប្រេងខ្យល់បាក់ជិត២០ដើម ។
បច្ចុប្បន្នទាំងអ្នកបើកបរ និងភ្ញៀវទេសចរខ្មែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប្រាជីនបុរី នៅឡើយ ដោយមិនមាននរណាម្នាក់រងការប៉ះពាល់ដល់អាយុជីវិតឡើយ ៕ អត្ថបទ : ព្រាប.ស





































