ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

0

(ប៉ៃលិន)៖ បន្ទាប់ពីបានប្រារព្ធពិធីដុតភ្លើងជ័យ រយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


គួរបញ្ជាក់ថា៖ បុណ្យឯករាជ្យជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណខន្ធអតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវ ស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងការទាមទាយកមកវិញ នូវឯករាជ្យជាតិ ពីអាណានិគម និយមបារាំង ក៏ដូចជា ការរម្លឹកដឹងគុណដល់វិញ្ញាណក្ខន្ធ វិរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតនៅក្នុង បុព្វហេតុ ឯករាជ្យជាតិ និង ការរីកចម្រើនរបស់កម្ពុជា ។ បើតាម ប្រវត្តិនៃ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាបានបញ្ជាក់ថា៖ នៅក្នុងព្រះរាជ បេសកកម្ម ដើម្បីឯករាជ្យជាតិនេះ តាមសន្ធិសញ្ញា ចុះថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាម ផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា ។

ជាគោលការណ៍តាមផ្លូវច្បាប់នោះយើងបានទទួលមែន ប៉ុន្តែចំពោះ ការអនុវត្ត ជាក់ស្តែងឯករាជ្យនេះគឺនៅខ្វះវិស័យជាច្រើនទៀតដូច ជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលីសអំណាចបញ្ជាការយោធាការទូតការប្តូរ និងការឲ្យចាយធនប័ត្រដើម្បីឲ្យមានឯករាជ្យទាំងស្រុង។ តាមរយៈការខិតខំ របស់ព្រះអង្គជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិត រវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងព្រះរាជសកម្មភាព ដ៏ថ្លៃថ្លារបស់ ព្រះអង្គជា បន្តបន្ទាប់ ទាំង ក្នុងប្រទេស និងក្រៅប្រទេស ធ្វើ ចលនាតស៊ូដើម្បីទាក់ទាញពិភពលោកឲ្យមានការ ចាប់អារម្មណ៍គាំទ្រកម្ពុជា និងការ យាងទៅគង់នៅតំបន់ស្វ័យ័តមួយ ដូចជានៅខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ, នោះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទ សម្តេច ព្រះវររាជ បិតាជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះអង្គបានយាង ចូលមកក្នុង រាជធានីភ្នំពេញវិញ ប្រជារាស្ត្រខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឲ្យ ព្រះអង្គ ទទួល បាននូវជោគជ័យមួយ ដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ នោះគឺមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែល ឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ពេលនោះលោក ឡង់ ក្លាត បានប្រគល់ យ៉ាង មហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។

ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុង។ វិបត្តិរវាង បារាំង និង ខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុង ពីប្រទេសបារាំងនៅខែធ្នូឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន