(កំពង់ធំ)÷ លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ លោកវីរៈសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ និងកម្លាំងអន្តរាគមន៍បានទទួលថវិកាពីព្រះភិក្ខុដ្ឋាន វេជ្ជធម្មោ ឃិន រ៉ាវីត ព្រះគ្រូចៅអធិកាវត្តបុរីសិរីសួស្តីធម្មយុត្ដ ស្ថិតនៅភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភថវិកាចំនួន៥.៤៨០.០០០ រៀល ( ប្រាំលានបួនរយបែតសិបពាន់) ដល់ផ្នែកសឹករងប្រាសាទសំបូរ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ទិញសម្ភារកែលម្អសោភ័ណ្ឌភាពជុំវិញទីតាំងបន្ទាយ ។
ការប្រគល់ថវិកាដើម្បីរៀបចំបរិស្ថាន និងកែលម្អល់សោភ័ណភាពនៅជុំវិញបន្ទាយផ្នែកសឹករងប្រាសាទសំបូរ ឲ្យមានភាពស្រស់បំព្រងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងពី ការចូលរួមពីវិស័យព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរវាងពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលស្រុកក៏បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ និងមានការផ្ដួចផ្ដើមពីព្រះសង្ឃ មានសទ្ធាជ្រះថ្លាបានចូលរួមចំណែក បានលះបង់ជាសម្ភារៈនិងថវិកា ដើម្បីឲ្យអង្គភាពមានសុវត្ថិភាព ក្នុងការធ្វើការងារឲ្យទទួលបានភាពរីកចម្រើន និងជឿនលឿនទៅមុខជារៀងរហូត។
ក្នុងនាមថ្នាក់ដឹកនាំស្រុក មេបញ្ជាការផ្នែកសឹករងស្រុក និងកងអន្តរាគមន៍ទាំងអស់ សូមថ្លែងអំណរគុណដល់ព្រះភិក្ខុដ្ឋាន វេជ្ជធម្មោ ឃិន រ៉ាវីត ព្រះគ្រូចៅអធិកាវត្ត បុរីសិរីសួស្តីធម្មយុត្ត បានប្រគល់ថវិកាដើម្បីយកមកអភិវឌ្ឍ រៀបចំបរិស្ថាន និងកែលម្អសោភ័ណ្ឌភាពជុំវិញទីតាំងបន្ទាយឱ្យមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ថវិកាចំនួន៥.៤៨០.០០រៀលយកមកទិញបង្គោលរបងចំនួន២២០ដើម និងលួសបន្លាចំនួន១០ដុំ ព្រមទាំងផ្ដល់ទឹកផ្លែឈើ និងថវិកាដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ២៧នាក់ ក្នុង០១នាក់ទទួលបាន÷ ទឹកផ្លែឈើ០១កេស និងថវិកា១០.០០០រៀល។