(កំពង់ធំ)៖ ទំនប់ទឹក១មករា(ស្ទឹងជីនិត) ដែលជារមណីយដ្ឋានទេសចរណ៍មួយ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាទីពេញនិយមរបស់ភ្ញៀវទៅលេងកម្សាន្តសប្បាយ និងជាទំនប់ទឹកដែលមានសារៈសំខាន់ចំពោះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវបានបាក់ប្រវែងជិត៥០ម៉ែត្រ នាយប់រំលងអាធ្រាតថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ក្បែរនោះបានរៀបរាប់ឲ្យដឹងថា ទំនប់ទឹកដែលបាក់ខាងលើនេះ សាងសង់បានរយៈពេលជិត ២០ឆ្នាំមកហើយ កន្លងមកពុំដែលមានហេតុការណ៍បាក់យ៉ាងដូច្នេះទេ។ ទាំងនេះពួកគាត់បានសន្និដ្ឋានថាដោយសារទំនប់ទឹកនេះ ចាស់ទ្រុឌទ្រោម និង ទឹកហូរច្រោះផ្ទៃបាតខាងក្រោម ទើបធ្វើឲ្យមានការបាក់យ៉ាងដូច្នេះ។

ពួកគាត់បានបន្តទៀតថា ទំនប់ទឹក១មករា(ស្ទឹងជីនិត) ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ប្រជាកសិករ ចំនួន៣ស្រុក ក្នុងនោះមានស្រុកបារាយណ៍ ស្រុកសន្ទុកនិងស្រុកតាំងគោក ចំពោះប្រកបមុខរបរកសិកម្ម ជាពិសេសក្នុងការផលិតដំណាំស្រូវប្រាំង។ ដូចនេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយដោះស្រាយទប់ស្កាត់ជាបន្ទាន់ ព្រោះខណៈនេះដំណាំស្រូវរបស់ប្រជាកសិករកំពុងតែលូតលាស់ល្អ ប្រសិនជាពុំមានទឹកប្រើប្រាស់ទេនឹងអាចស្កក ឈានដល់ការខូចខាតទាំងស្រុង ជួបវិបត្តិជីវភាពយ៉ាងធ្ងន់ធ្ងរចាក់ជាពុំខាន។
ជាមួយគ្នានេះលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានលើកឡើងថា ពាក់ព័ន្ធនឹងការបាក់ទំនប់ខាងលើនេះពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ នៅពេលនេះដែរអាជ្ញាធររួមទាំងមន្ត្រីជំនាញពាក់ព័ន្ធកំពុងតែរកវិធីសាស្ត្រ ដើម្បីទប់ស្កាត់ទឹក ។ ក្នុងនោះដែរលោកអភិបាលស្រុកបារាយណ៍បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្បែរទំនប់ទឹកនេះឲ្យមានការប្រុងប្រយ័ត្ន ទោះបីស្ថានភាពទឹកនៅពេលនេះមានការស្រកចុះយ៉ាងណាក្តី។




































