ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ត្រី យ៉ត កាន់ មេបញ្ជាការ វរសេនាតូចលេខ៤១១ កងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៃកងទ័ពជើងគោក ឆ្លៀតពីភារកិច្ចស្នូលបានដឹកនាំកម្លាំងក្នុងអង្គភាពចុះជួយច្រូតស្រូវជូនគ្រួសារកងទ័ពលោកអនុសេនីយ៍ឯក ហ៊ាន ប៊ុនធឿន មេបញ្ជាការ កងអនុសេនាធំគាំទ្រ និងប្រពន្ធឈ្មោះ ស៊ា ឡំ ស្ថិតនៅភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ត កាន់ មេបញ្ជាការវរសេនាតូចលេខ៤១១ បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងប្រកបដោយទេពកោសល្យដឹកនាំដ៏ប៉ិនប្រសព្វពីសំណាក់ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានជំរុញឲ្យគ្រប់កងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការចុះជួយសម្រួលដល់ទុក្ខលំបាកជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់កងឯកភាពនីមួយៗ ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។
លោកវរសេនីយ៍ត្រី យ៉ត កាន់ មេបញ្ជាការ វរសេនាតូចលេខ៤១១បានថ្លែងឲ្យដឹងទៀតថា ជានិច្ចកាលកន្លងមក អង្គភាពរបស់លោកតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានការខ្វះខាត ដោយមានការឧបត្ថម្ភជាស្បៀងអាហារ និងថវិកាជាដើម ដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងនាមយុទ្ធមិត្តរួមអាវុធ និងប្រជាពលរដ្ឋដែលជាឪពុកម្តាយរបស់កងទ័ព។
នៅរសៀលថ្ងៃដដែលក្រោយពីចុះជួយច្រូតស្រូវជូនគ្រួសារកងទ័ពរួចរាល់ លោកវរសេនីយ៍ត្រី យ៉ត កាន់ មេបញ្ជាការ វរសេនាតូចលេខ៤១១ បានបន្តដឹកនាំនាយទាហានចំណុះចុះត្រួតពិនិត្យលើការងារដាំបន្លែបង្ការ និងការងារចិញ្ចឹមសត្វ ជំរុញដល់គ្រប់កងឯកភាពចំណុះឲ្យខិតខំពង្រីកបន្ថែមការដាំដុះបន្លែបង្ការគ្រប់ប្រភេទ និងចិញ្ចឹមសត្វដើម្បីធានាការផ្គត់ផ្គង់ជីវភាពកងទ័ពហូបចុកប្រចាំថ្ងៃមានភាពល្អប្រសើរ បន្ថែមពីលើគោលរបបហូបចុកប្រចាំថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួររំលឹកថា កងពលតូចថ្មើរជើងលេខ៤១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានជំរុញដល់គ្រប់កងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ បង្កើតបាននូវសួនដាំបន្លែបង្ការគ្រប់ប្រភេទ និងរោងកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូច ដើម្បីផ្គត់ផ្គង់បង្កើនជីវភាពហុបចុករបស់បងប្អូនឲ្យកាន់តែប្រសើរឡើង និងបញ្ចៀសការទិញបន្លែ ត្រី សាច់នៅលើទីផ្សារដែលសំបូរទៅដោយជាតិគីមីប៉ះពាល់ដល់សុខភាពកងទ័ព៕ដោយ:ចាន់ ធី






































