កំពង់ឆ្នាំង៖ លោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ រួមនឹងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ប្រគល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ៣គ្រួសារ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក អ៊ុំ សុភា ប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងពីករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ក្រុមការងារនាំយក អំណោយជាសម្ភារៈ និងថវិការមួយចំនួនយកមកប្រគល់ជូនដល់គ្រួសាររងគ្រោះទាំង ៣គ្រួសារភ្លាមៗ ដោយមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម សង្កសី ៥០សន្លឹក មី១កេះ ត្រីខ១យូរ ទឹកត្រី១យួ ទឹកអ៊ីវ១យួ ជែលលាងដៃ៥ដប និងថវិកាមួយចំនួន។
គួររំលឹកដែរថា លំនៅឋានប្រជាពលរដ្ឋទាំង ៣គ្រួសារខាងលើ ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង ១០និង ១០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារផ្ទុះកំប៉ុងហ្គាស ហើយដោយសារផ្ទះនេះជាផ្ទះលើទឹក ទើបក្រុមពន្លតអគ្គីភ័យមិនអាចជួយសង្គ្រោះបាន៕







































