(ប៉ៃលិន)៖ លោក ប៉ិច បិន ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ធ្វើពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំថ្មី ជំនួសលោក ឃឹម ប៉េងថុង ដែលត្រូវដល់អាណត្តិការងារ ។នេះបើយោងតាមប្រកាសលេខ ៥៦៦៧ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។ពិធីនេះប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា ស្នងការខេត្ត មន្ត្រីជំនាញសាលាខេត្ត បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងសមភាគីថៃជាច្រើនរូប។
។មានប្រសាសន៍នាឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការផ្ទេរ និងចូលកាន់មុខតំណែងនៅពេលនេះ គឺឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុត ទៅនឹងគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ជាពិសេស អាចឱ្យយើងរួមគ្នាបំពេញ បាននូវកិច្ចការ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត វាជាការឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដែលចាំបាច់ត្រូវមានប្រធាន ដើម្បីដឹកនាំ គ្រប់គ្រង និង ធានានិរន្តរភាពការងារប្រចាំថ្ងៃ ក្នុងការត្រួតពិនិត្យរាល់សកម្មភាពចេញ-ចូល ក្នុងព្រះរាជាណាចក្រកម្ពុជា របស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ ដើម្បីធានាឱ្យមានសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម នៅតំបន់ព្រំដែន និងក្នុងផ្ទៃប្រទេស ព្រមទាំងកិច្ចការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ និងចំណូលថវិការដ្ឋផងដែរ។លោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានស្នើ ដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារ ឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានា និងពង្រឹង របៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់មន្ត្រីម្នាក់ៗផ្អែកតាមតួនាទី ភារកិច្ច របស់ខ្លួន និងត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ។ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្រេចបាន នូវសមិទ្ធផលនានា ជូនអង្គភាព និង ប្រជាពលរដ្ឋ។ ត្រូវចេះធ្វើការសម្របសម្រួលក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយជំនឿទុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែន ក្នុងការប្រកបអាជីវកម្ម ក៏ដូចជាភ្ញៀវជាតិ និងអន្តរ ជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន