(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ិច បិន ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិព្រំ សហការជាលោក ផាត សុផាន់ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានដឹកនាំកម្លាំងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីឲ្យមានរបៀបរៀបរយ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមលោក ប៉ិច បិន ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិព្រំ បានឲ្យដឹងថា៖ គោលបំណងនៃការចុះសំអាត ធ្វើអនាម័យលើដងផ្លូវនាពេលនេះ គឺដោយសារនៅច្រកទ្វារដែន អន្តរជាតិព្រំនេះ ជាតំបន់សេដ្ឋកិច្ចសំខាន់ របស់ខេត្តប៉ៃលិន និងមានភ្ញៀវទេសចរណ៍ចេញ-ចូលច្រើន។ ការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ផ្លូវនេះ គឺដើម្បីអោយដងផ្លូវ របស់យើងមានភាពស្អាតល្អ ក៏ដូចជាការដាស់តឿន ដល់ប្រជាពលរដ្ឋអោយមានការភ្ញាក់រលឹក ចេះស្រឡាញ់ និងរួមគ្នាសំអាតបរិស្ថាន អោយបានល្អ ជាប្រយោជន៍ដើម្បីសុខភាព របស់ប្រជាពលរដ្ឋយើង ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន ដែលនាំមកនូវចំណូល ដល់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងផងដែរ។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តប៉ៃលិន តែងមានការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្តនានាជាច្រើននៅក្នុងខេត្ត ហើយក្នុងនោះវិស័យបរិស្ថាន ក៏មានការលើកស្ទួយយ៉ាងខ្លាំងផងដែរ ដោយមានការដាំដើមឈើ ការដាំផ្កាលម្អ ការកែលំអរសួនច្បារ សាធារណៈជាដើម ធ្វើយ៉ាងណាអោយបរិស្ថាននៅក្នុងខេត្តប៉ៃលិនមានភាពស្រស់បំព្រង ស័ក្កសមជាកន្លែងកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន